ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យមន្ត្រីជំនាញ របស់ក្រសួងសាធារណការ ចុះតាមដាន ត្រួតពិនិត្យការសាងសង់ ជាប្រចាំ លើអ្នកត្រួតពិនិត្យបច្ចេកទេស ទើបអាចធ្វើផ្លូវមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់យូរអង្វែង។
ក្នុងឱកាសចុះពិនិត្យ គម្រោងជួសជុលថែទាំ កំណាត់ផ្លូវជាតិ លេខ៦ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រុមហ៊ុនសាងសង់ អនុវត្តត្រឹម ត្រូវអាច ទទួលយកបាន ស្របតាមលក្ខណៈបច្ចេកទេស ដែលមានចែងក្នុងសៀវភៅបន្ទុក និងបទដ្ឋានដែលចង់បាន។
លោក មានប្រសាសន៍ថា «ខ្ញុំណែនាំឲ្យមន្ត្រីជំនាញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះតាមដាន ត្រួតពិនិត្យការសាងសង់ជាប្រចាំ លើអ្នកត្រួតពិនិត្យបច្ចេកទេស ទើបយើងអាច ធ្វើផ្លូវមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង»។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីសាធារណការ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យ បានខ្ជាប់ខ្ជួនទាំងអស់គ្នា មិនត្រូវបើកបរហួសល្បឿន កំណត់ដោយច្បាប់ កុំវ៉ាជែងគ្មានការប្រុងប្រយ័ត្ន កុំប្រើប្រាស់គ្រឿងញៀន កុំសេពគ្រឿងស្រវឹងពេលបើកបរ កុំប្រើទូរសព្ទពេលបើកបរ ពាក់ខ្សែក្រវាត់ និងពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវពេលបើកបរ។
សូមរំលឹកថា គម្រោងជួសជុលថែទាំ កំណាត់ផ្លូវជាតិ លេខ៦ មានប្រវែងសរុបចំនួន ៤៩,៨៨ គីឡូម៉ែត្រ ចាប់ពីចំណុចរង្វង់មូល ព្រលានយន្តហោះខេត្តសៀមរាប ដល់ស្រុកក្រឡាញ់ ក្រាលបេតុងកៅស៊ូ (AC)ចន្លោះពី៥ ទៅ ១០សង់ទីម៉ែត្រ ក្រោមឥណទានប្រាក់កម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណ១០.៤២០.៥២២ ដុល្លារសហរដ្ឋអាមេរិក ចំណាយរយៈពេល១៨ខែ ជួសជុលថែទាំ ដោយក្រុមហ៊ុនPoly Changda Engineering Co.,Ltd ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនKorea Consultants International (KCI) បានចាប់ផ្ដើមអនុវត្តគម្រោង តាំងពីខែធ្នូ ឆ្នាំ២០១៨ រហូតមកទល់ពេលនេះ សម្រេចបាន៩៤%ហើយ៕ ដោយ ៖ អេង ប៊ូឆេង