ព័ត៌មានជាតិ

អគ្គនាយក ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បន្តចុះផ្សព្វផ្សាយ គោលការណ៍ ឥណទានពិសេស របស់រាជរដ្ឋាភិបាល ៥០លានដុល្លារ ក្នុងភូមិសាស្ត្រ​ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោក កៅ ថាច អគ្គនាយក​ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយគោលការណ៍ ឥណទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក និងនិតីវិធីទទួលបាន​ ឥណទានរបស់រាជរដ្ឋាភិបាល សម្រាប់ផ្តល់ជូន ប្រជាកសិករ ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាព ពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែសង្វាក់ផលិតកម្ម ក្នុងខេត្តត្បូងឃ្មុំ ក្នុងគោលដៅ បង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋាន ផលិតក្នុងស្រុក និងជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល​ នៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈម មួយចំនួនកើតចេញ ពី COVID-19 និងបញ្ហា EBA ជាដើម​ ។

ការផ្សព្វផ្សយខាងលើនេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០​​ ដោយមានការសម្របសម្រួល ពីរដ្ឋបាលខេត្ត ត្បូងឃ្មុំ ក្រោមអធិបតីភាព របស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក កៅ ថាច អគ្គនាយក​ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការបន្តចុះផ្សព្វផ្សាយគោលការណ៍ ឥណទានពិសេស របស់រាជរដ្ឋាភិបាល​ ចំនួន ៥០លានដុល្លារអាមេរិក និងអំពីនិតីវិធីទទួលបានឥណទាន ដែលរាជរដ្ឋាភិបាល បានទំលាក់ តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។

ក្នុងឱកាសនោះ លោក កៅ ថាច បន្តផ្សព្វផ្សាយពីការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួល កម្មវិធីហិរញ្ញប្បទានពិសេស ៥០ លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាព គ្របដណ្តប់ និងការកែសម្រួលលក្ខខណ្ឌ មួយចំនួនផងដែរ។

លោក កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូន កសិករ អោយបន្តបង្កើនការផលិត​ ប្រកបដោយគុណភាព និងមានស្តង់ដារ និងរៀបចំផែនការ ក្នុងការដាំដុះ អោយបានត្រឹមត្រូវ ដើម្បីងាយស្រួល ក្នុងរកទីផ្សារ និងចៀសវាងការដាំដុះ ច្រើនលើសតម្រូវការ ដែលជាដើមហេតុ ធ្វើអោយតំលៃធ្លាក់ចុះ។ ដោយឡែកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមខ្លួនជានិច្ច ក្នុងការទំលាក់ឥណទាន គ្រប់ពេលវេលាសម្រាប់ជួយ ដល់បងប្អូន ដែលមានគុណវុឌ្ឍន៍គ្រប់គ្រាន់ និងបំពេញបាន តាមលក្ខខណ្ឌរបស់ធនាគារ។

ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច ក៏បានដោះស្រាយនូវចម្ងល់ ផ្សេងៗ ដែលបងប្អូន​ បានសួរមកកាន់លោក និងបានបំភ្លឺជូន ដល់បងប្អូនយ៉ាងផុសផុល និងមានភាពស្និតស្នាល។

សូមបញ្ជាក់ថា លោក កៅ ថាច និងសហការី បានចុះផ្សព្វផ្សាយ គោលការណ៍​ឥណទានពិសេស ចំនួន ៥០លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាល បានចំនួន ៨ខេត្តរួចមកហើយ និងមានអ្នកចូលរួម សរុបចំនួនប្រមាណជាង ១០០០នាក់។ គិតមកដល់ថ្ងៃនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចី របស់កសិករ ក្រុមសហគ្រាស ធុន តូច និងមធ្យម បានចំនួន ២៦០ពាក្យ ដែលមាន ទំហំឥណទាន បានស្នើសុំប្រមាណ ២៥លានដុល្លារ សហរដ្ឋអាមេរិក៕

To Top