ព័ត៌មានជាតិ

ទស្សនៈអ្នកវិភាគ ! ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បង្ហោះសារ លោក Mike Pompeo រដ្ឋមន្រ្តី ក្រសួងការបរទេសអាមេរិកព្រមាន អំពីស្ថានភាព នៅហុងកុង ក្នុងន័យអ្វី?

ភ្នំពេញ ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានបង្ហោះសារ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា លោក Mike Pompeo រដ្ឋមន្រ្តី ក្រសួងការបរទេសអាមេរិក រៀបរាប់អំពី ស្ថានភាព នៅហុងកុង ប្រទេសចិន ដែលនេះអាចបញ្ជាក់ថា អាមេរិកគាំទ្រហុងកុង ហើយនេះជាការជ្រៀតជ្រែង ផ្ទៃក្នុងរបស់ចិន ។ មិនតែប៉ុណ្ណោះ ហាក់បីដូចជាការព្រមាន ដល់សម្ព័ន្ធមិត្តរបស់ចិន ក្នុងក្របខណ្ឌប្រ៊ី ដែលកម្ពុជា ជាសមាជិកមួយ ក្នុងចំណោម65ប្រទេស ដែលបានចូលរួមបង្កើត នៅប្រទេសកាហ្សាក់ស្ថាន កាលពីឆ្នាំ2013។

ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានសរសេរនៅលើហ្វេសប៊ុក នាពេលថ្មីៗថា «លោករដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិក Mike Pompeo បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំបាន រាយការណ៍ទៅ សភាសហរដ្ឋអាមេរិកថា ហុងកុង លែងមានស្វ័យភាពពីប្រទេសចិនទៀត ហើយដោយយោលទៅលើស្ថាន ភាពជាក់ស្តែង នៅនឹងកន្លែង។ សហរដ្ឋអាមេរិកឈរនៅ ជាមួយប្រជាជនហុងកុង»។

នាពេលថ្មីៗនេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានលើកឡើងថា ទីក្រុងហុងកុង មិនអាចត្រូវបានគេមើលឃើញថា ជាការរក្សាកម្រិតស្វ័យភាព ខ្ពស់ពីប្រទេសចិន ហើយទឹកដីនេះ នឹងមិនធានាចំពោះការធ្វើពាណិជ្ជកម្ម ពិសេសក្រោមច្បាប់ របស់សហរដ្ឋអាមេរិក ទៀតនោះទេ។

អ្នកវិភាគបានលើកឡើងថា ការបង្ហោះសាររបស់ស្ថានទូតអាមេរិក ហាក់ចង់បញ្ជាក់ថា អាមេរិកប្រឆាំងប្រ៊ីដឹកនាំដោយចិន ហើយលើកទឹកចិត្ត អោយកូនជឹងស្រែកកកូរ ក្រោមរូបភាពផ្សេង ជាច្រើននៅកម្ពុជា។

អ្នកវិភាគបានលើកឡើងថា ពេលនេះ អាមេរិកត្រូវតែរករឿងចិន មិនអោយក្លាយជា ប្រទេសមហាអំណាចលើខ្លួនទេ តែសម្រាប់ស្រុកខ្មែរ ចិនជួយកសាងសេដ្ឋកិច្ច និងការពារឯករាជ្យរបស់ខ្មែរ កុំអោយអ្នកឆ្លៀតឱកាសមកត្រួតខ្មែរ៕

To Top