ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការី នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានបន្តដំណើរបេសកកម្ម ចុះពិនិត្យស្ថានភាពទឹក ក្នុងដើមរដូវវស្សានេះ មកកាន់ទីតាំងសាងសង់សំណង់មេ ស្ទាក់ទឹកស្ទឹងសង្កែ និងប្រឡាយមេដូនទាវ នៃគម្រោងអភិវឌ្ឍន៍ ទំនប់សាលាតាអន ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ខេត្តបាត់ដំបង ។
ពេលអមដំណើរ លោករដ្ឋមន្រ្តី ចុះពិនិត្យនៅទីតាំងខាងលើ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងក្រុមការងារបច្ចេកទេស បានជម្រាបជូនលោករដ្ឋមន្រ្តី អំពីបច្ចុប្បន្នភាពវឌ្ឍនភាព នៃការសាងសាង់ គម្រោងសំណង់ស្ទាក់ទឹក សាលាតាអននេះ ដែលទទួលហិរញ្ញប្បទាន ពីសាធារណរដ្ឋកូរ៉េ ហើយរហូត មកដល់ពេលនេះ សម្រេចបានប្រមាណ ៦៥% ។
សូមបញ្ជាក់ថា គោលបំណង នៃគម្រោងនោះគឺមាន ០៣ចំណុច ៖
ទី១-ស្ទាក់ថែរក្សាទឹក ទុកនៅលើស្ទឹងសង្កែ ដែលចាត់ទុកជាដំណាក់កាលទី៣ ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើ មានអាងទឹកពហុបំណង សេកសក និងទំនប់កង្ហត មុននឹងធ្លាក់ ចូលទៅបឹងទន្លេសាប ។ គម្រោងនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ស្រូវវស្សាចំនួន ១០.៤០០ហិកតា និងស្រូវប្រាំងចំនួន ៤.៧០០ហិកតា ។
ទី២-ជាប្រភពទឹក ដើម្បីបម្រីដល់ការផ្គត់ផ្គង់ទឹកស្អាត ដល់ទីរួមខេត្តបាត់ដំបង ។
ទី៣-ជាសោភ័ណភាព និងទាក់ទាញសក្តនុពលទេសចរណ៍ ដល់ក្រុងខេត្តបាត់ដំបង ។
គម្រោងនេះ ជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោករដ្ឋមន្រ្តី បានធ្វើការកោតសរសើរ ដល់ក្រុមហ៊ុនសាងសង់ ដែលបានខិតខំធ្វើការ ទោះជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះៗ មួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែន ដីបន្ថែម ធ្វើយ៉ាងណាឲ្យសំណង់នេះ មានគុណភាពរឹងមាំយូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ប្រជាពលរដ្ឋក្នុងតំបន់ ៕