ព័ត៌មានជាតិ

ការងារហេដ្ឋា រចនាសម្ព័ន្ធខុសច្បាប់ របស់ក្រុមហ៊ុន Sun Wah Properties ប៉ះពាល់ដល់ផ្លូវ ក្រោមដី របស់ណាហ្គា NagaCity Walk

ភ្នំពេញ ៖ មេធាវីតំណាង ឲ្យក្រុមហ៊ុន តានស្រ៊ីឆិន អ៊ីន Tansrichen Inc (TSCJ) ដែលជាម្ចាស់ក្រុមហ៊ុន ណាហ្គាវើល (Naga World) និងផ្លូវក្រោមដី របស់ណាហ្គា (NagaCity Walk) បានឲ្យដឹងថា កូនក្តីរបស់លោកស្រី នឹងចាប់ផ្តើមចាត់វិធានការ តាមផ្លូវច្បាប់លើក្រុមហ៊ុន Sun Wah Properties (Cambodia) ដែលបង្កជាការខូចខាត ដល់មជ្ឈមណ្ឌល ផ្សារក្រោមដីរបស់ខ្លួន ។

នៅក្នុងពាក្យបណ្តឹងមួយ របស់ក្រុមហ៊ុន TSCJ ដែលបានផ្ញើទៅកាន់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឲ្យដឹងថា នាយកប្រតិបត្តិ របស់ក្រុមហ៊ុន TSCJ លោក Chen Lip Keong បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ ក្រុមហ៊ុន Sun Wah ដែលមានការិយាល័យ ស្ថិតនៅពីលើផ្លូវក្រោមដី របស់ណាហ្គា (NagaCity Walk) បានបញ្ជូនគ្រឿងចក្រ និងកម្មករទៅជីក និងបំផ្លាញរចនាសម្ព័ន្ធ និងប្រព័ន្ធការពារ ជម្រាបទឹក ដែលធ្វើឲ្យប៉ះពាល់ ដល់សោភណ្ឌភាពរបស់ផ្លូវក្រោមដី របស់ ណាហ្គា ដើម្បីសាងសង់ផ្លូវ ដែលតភ្ជាប់ ពីការិយាល័យកណ្តាល របស់ពួកគេទៅកាន់ផ្លូវធំ ។

ពាក្យបណ្តឹងដដែលនោះ បានបន្តឲ្យដឹងថា៖ «បើទោះបីជាក្រុមសន្តិសុខ និងអ្នកបច្ចេកទេសរបស់ណាហ្គា បានព្យាយាមធ្វើការណែនាំពួកគេ ឱ្យបញ្ឈប់សកម្មភាពនេះ និងបញ្ជាក់ថាទីតាំងនេះ មានស្រទាប់និងរចនាសម្ព័ន្ធ នៃប្រព័ន្ធការពារជម្រាបទឹក នៅខាងក្រោមដី ក៏ដោយក៏ពួកគេមិនអើពើ ហើយនៅតែបន្តការងារឈូសឆាយ និងសាងសង់ដដែល។»

«នេះគឺជាករណីទី ២ ហើយដែលក្រុមហ៊ុន Sun Wah បានធ្វើសកម្មភាព ដែលប៉ះពាល់ដល់សោភណ្ឌភាព របស់ផ្លូវក្រោមដី របស់ ណាហ្គា ។ ការងារខុសច្បាប់នេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់រចនាសម្ព័ន្ធ និងស្រទាប់ការពារជម្រាបទឹក របស់មជ្ឈមណ្ឌល ផ្សារក្រោម ដីរបស់ណាហ្គា ។ ការងារសាងសង់ខាងលើនេះ របស់ក្រុមហ៊ុន Sun Wah ក៏បង្កជាគ្រោះថ្នាក់ ដល់សុវត្ថិភាពរបស់កម្មកររាប់រយនាក់ ក៏ដូចជាអ្នកមកទស្សនា រាប់ពាន់នាក់ ក្នុងមួយថ្ងៃៗផងដែរ។»

លោកស្រី ម៉ៅ សោមវុទ្ធារី មេធាវីតំណាងក្រុមហ៊ុន TSCJ បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង លោក ឃួង ស្រេង បានបញ្ជាឱ្យមន្ត្រីនៅខណ្ឌចំការមន ចុះមកបញ្ឈប់សកម្មភាពនេះ ប៉ុន្តែក្រុមហ៊ុន Sun Wah បានបដិសេធ។

លោកស្រី បានឲ្យដឹងថា ក្រុមហ៊ុន Sun Wah បានអះអាងថា ខ្លួនមានលិខិតអនុញ្ញាតិពីសាលាក្រុង ប៉ុន្តែខ្លួនមិនបានយកមកង្ហាញនោះទេ។

លោកស្រី ម៉ៅ សោមវុទ្ធារី បានថ្លែងថា កូនក្តីរបស់លោកស្រីនឹងចាត់វិធានការ តាមផ្លូវច្បាប់លើក្រុមហ៊ុន Sun Wah Properties ចំពោះការខូចខាត ដែលក្រុមហ៊ុនបានបង្កឡើង ហើយក៏បានដាក់ពាក្យបណ្តឹងជាបន្ទាន់ដើម្បីបញ្ឈប់ក្រុមហ៊ុន Sun Wah ក្នុងការបន្តការងាររបស់ខ្លួនផងដែរ។

លោកស្រីបានបន្ថែមថា៖ «ផ្លូវក្រោមដីរបស់ណាហ្គា NagaCity Walk ត្រូវបានជួលឱ្យក្រុមហ៊ុន TSCJ សម្រាប់រយៈពេល ៥០ ឆ្នាំ ហើយក្នុងអំឡុងពេលនេះ កូនក្ដីរបស់ខ្ញុំមានសិទ្ធចំពោះការគ្រប់គ្រងទីតាំងនេះ។»

«វាគឺជាការខុសច្បាប់ សម្រាប់ក្រុមហ៊ុន Sun Wah ក្នុងការធ្វើសកម្មភាពសាងសង់ ដោយគ្មានការអនុញ្ញាត ពីកូនក្តីរបស់ខ្ញុំ ដោយមិនលើកឡើងអំពីការខូចខាត ដែលបណ្តាលឱ្យប៉ះពាល់ដល់ទ្រព្យ សម្បត្តិ ឬគ្រោះថ្នាក់ដែលប៉ះពាល់ដល់មនុស្ស និងទ្រព្យសម្បត្តិ នៅខាងក្រោមនេះផង។»

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីបញ្ហានេះទេ។

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងក្រុមហ៊ុន Sun Wah Properties មិនអាចទាក់ទងសុំការអត្ថាធិប្បាយ លើករណីនេះបានទេ ៕

To Top