ភ្នំពេញ៖ អង្ករសរុប ០៨តោន និងមីចំនួន ៤០០កេស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបាននាំយកទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន២ កាលចុងសប្តាហ៍កន្លងទៅនេះ ។
តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបានអង្ករ ៣តោន និងមីចំនួន ២០០កេស និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ទទួលបានអង្ករ៥តោន មីចំនួន និង២០០កេស ។ អំណោយទាំងនេះ គឺសម្រាប់អង្គភាពទាំងពីរ យកទៅប្រើប្រាស់ និងផ្គត់ផ្គង់សម្រាប់ការងារ សមាគមអតីតយុទ្ធជន។
ក្នុងនាមតំបន់ប្រតិបត្តិការសឹករងខេត្តទាំងពីរ លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងបងប្អូនអតីតយុទ្ធជនទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ព្រមទាំងជីវភាពរស់នៅ និងដោះស្រាយការលំបាក ចំពោះមុខរបស់យោធិន ក៏ដូចជាអតីតយុទ្ធជន ជាបន្តបន្ទាប់៕