ព័ត៌មានជាតិ

១ខែនៃការរឹតបន្ដឹង ច្បាប់ចរាចរណ៍នគរបាល ៥រូប ត្រូវបានដកតំណែង និងព្យួការងារ ក្រោយល្មើសច្បាប់

ភ្នំពេញ ៖ អគ្គស្នងការរង នគរបាលជាតិ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានអះអាងថា ក្នុងរយៈ ពេល១ខែ នៃការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់ពីថ្ងៃទី១ ដល់៣១ ខែ ឧសភា ឆ្នាំ២០២០ មានមន្រ្តីនគរបាល ចំនួន៥នាក់ ត្រូវបានដក ដំណែង និងព្យួការងារ ដោយសារតែពួកគេ ប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍។

រយៈពេល១ខែ នៃការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នគរបាល ធ្វើការផាកពិន័យយានយន្ត ល្មើសច្បាប់ ចំនួន៤៤.៧៦៥គ្រឿង និងផាកពិន័យបានថវិកា ជាង៣ពាន់លាន រៀល ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលនៃការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ១ខែ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ លោក ហ៊ឹម យ៉ាន សង្កេតឃើញថា រហូតមកដល់ពេលនេះ មន្រ្តីនគរបាលនគរបាល មួយចំនួន នៅតែមិនបានធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋនោះទេ ទាក់ទងនឹងការអនុវត្ត នូវច្បាប់ចរាចរណ៍នេះ ហើយមន្រ្តីនគរបាលខ្លះ នៅតែបំពានច្បាប់ ប៉ុន្តែពួកគេទាំងនោះ មិនត្រូវបានលើកលែងនោះឡើយ ដោយអគ្គស្នងការ នគរបាលបានដកតំណែង និងព្យួការងារជាបន្តបន្ទាប់។

លោក មានប្រសាសន៍ថា «មកទល់ពេលនេះ ក្នុងខែនេះ គឺយើងបានដាក់វិន័យ ៥នាក់ រួមមាន៖ ទីមួយ ប្រធានការិយាល័យ នាយការិយាល័យខេត្តកំពង់ធំ ត្រូវបានដកហួតមុខតំណែង ព្យួការងារ ។ ទីពីរ ព្យួការ ងារ អធិការរងស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយទីបី ព្យួការងារ មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក រាជធានី ភ្នំពេញ បីរូប»។

បន្ថែមពីនេះ អគ្គស្នងការរងនគរបាលជាតិ លើកឡើងថា ទោះបីជាមានការធ្លាក់ ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល១ខែ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏រាជរដ្ឋាភិបាល នៅតែព្រួយបារម្ភដដែល ដោយសារតែប្រជាពលរដ្ឋ នៅតែបន្តមិនគោរពច្បាប់ ជាពិសេស គឺការមិនពាក់មួកសុវត្ថិភាពនេះតែម្តង។

អគ្គស្នងការបន្ថែមថា យ៉ាងណាក៏ដោយការរឹតបន្តឹង នូវច្បាប់ចរាចរណ៍នេះ នឹងបន្តទៅមុខជានិច្ច ដោយគ្មាន ការលើកឡើងនោះឡើយ ហើយការធ្វើនេះ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ តែប៉ុណ្ណោះ មិនមែនធ្វើឡើង ដើម្បីគាប់សង្កត់ប្រជាពលរដ្ឋ ដូចការលើកឡើង របស់ជនអគតិមួយក្តាប់តូចឡើយ៕

ដោយ ៖ អេង ប៊ូឆេង

To Top