ព័ត៌មានជាតិ

តើអ្នកណាជាជនរងគ្រោះ ! ល្បួងក្មេងស្រីរំលោភសម្រេច ២ដង ក្នុងផ្ទះសំណាក់ ត្រូវនាង ទាញកាំបិតកាប់របួសធ្ងន់

ភ្នំពេញ ៖ ក្មេងស្រីអាយុ ១៥ ឆ្នាំត្រូវពូម៉ូតូឌុបលួងលោម យកទៅរំលោភនៅផ្ទះសំណាក់បានពីរដង ហើយបម្រុងបន្តសកម្មភាពជាលើកទី៣ ត្រូវក្មេងស្រីយកកាំបិតកាប់ឲ្យរងរបួស ចុងក្រោយក្មេងស្រីរូប ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទី ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចសំណាក់ «រស្មីជម្ពូវ័ន» ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីមានឈ្មោះ ណ ស ន អាយុ១៥ឆ្នាំ មានស្រុកកំណើត នៅក្នុងឃុំសង្កែសាទម ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ចំណែកបុរស ដែលចាប់នាងរំលោភ ហើយត្រូវនាងកាប់មានឈ្មោះ រស់ សុផាត អាយុ៥៨ឆ្នាំ ស្នាក់នៅក្នុងវត្តពោធិ៍ចិនតុង និងមានស្រុកកំណើត នៅភូមិដកពរ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។

តាមការរៀបរាប់ របស់ក្មេងស្រីខាងលើ បាននិយាយថា ដោយសារតែជីវភាពទីទ័លក្រ នាងបានចេញពីស្រុក ទៅខេត្តឧត្តរមានជ័យ នៅផ្ទះមិត្តភក្ដិ ធ្វើជាកម្មករស៊ីឈ្នួលដាំឡូង និងបេះផ្លែស្វាយឲ្យគេ បានតែ១ខែ ក៏អស់ការងារធ្វើ ទើបមករកការងារនៅភ្នំពេញ តែគេមិនយកធ្វើការសោះ ព្រោះមិនទាន់គ្រប់អាយុ ទាល់តែមានអ្នកជួយធានា ទើបនាងទៅសុំយាយជី ស្នាក់នៅក្នុងវត្តពោធិ៍ចិនតុងសិន។ រហូតដល់ល្ងាចថ្ងៃទី៣១ ខែឧសភា ក៏ជួបបុរសឈ្មោះ រស់ សុផាត បាននិយាយលួងលោម សុំនាងរួមរ័ក ដោយប្រាប់ថា ចាំគាត់ ឲ្យលុយ២០ដុល្លារ តែនាងមិនព្រម ។ លុះដល់ម៉ោង១២យប់ថ្ងៃដដែល នាងកំពុងតែដេក ស្រាប់តែបុរសនេះទៅស្ទាប ធ្វើឲ្យនាងភ័យ។ លុះព្រឹកឡើងថ្ងៃទី០១ ខែមិថុនា បុរសនេះបានប្រាប់នាងថា ចាំគាត់ជួយធានា ឲ្យបានចូលធ្វើការ ហើយក៏ជិះម៉ូតូឌុបនាងទៅរកកន្លែងធ្វើការ និងពឹងឲ្យនាងជួយម៉ាស្សាឲ្យគាត់ ចាំគាត់ឲ្យលុយ២០ដុល្លារ។ នាងក៏យល់ព្រមទៅជាមួយ ដោយបុរសនេះ បានឌុបនាងចូល ទៅក្នុងផ្ទះសំណាក់«រស្មីជម្ពូវ័ន» រួចក៏ឲ្យនាងម៉ាស្សា ស្រាប់តែចាប់រំលោភនាង រហូតបានសម្រេចម្តង ។ មួយសន្ទុះក្រោយ ក៏ចាប់នាងរំលោភ បានសម្រេចម្តងទៀត ពេលនោះនាងបានខំរើបម្រាស់ និងស្រែកឲ្យគេជួយ អស់ពីសមត្ថភាព តែគ្មានអ្នកឮ។ ក្រោយមក ក៏ចាប់បម្រុងរំលោភលើកទី៣ទៀត តែនាងអង្វរ ឲ្យដេកផ្កាប់មុខនាងម៉ាស្សាឲ្យសិន គាត់ក៏ព្រមតាម ទើបនាងមានឱកាស យកកាំបិតពីក្នុងកាបូប កាប់ទៅលើគាត់តែម្ដង បណ្តាលឲ្យរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានបញ្ជូនតាម រថយន្តសមុយអង្គភាព ៧១១ ដឹកយកទៅសង្គ្រោះព្យាបាល ។

ចំណែកក្មេងស្រីខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួន មកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាកសួរ និងចាត់ការតាមច្បាប់បន្តទៀត ៕​

To Top