ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជា ថ្វីត្បិតជាប្រទេសមានផ្ទៃដីតូចក៏ពិតមែន តែជាដែនដីប្រកបដោយសក្តានុពល ធនធានជីវៈចម្រុះដ៏សម្បូរបែប ហើយ ជាកេរ្តិ៍ដំណែល ធម្មជាតិ ចំពោះប្រជាជនកម្ពុជាគ្រប់រូប។
យោងតាមគេហទំព័រហ្វេប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បាន ឲ្យដឹង ថា « យើង ពិតជាមានសំណាងយ៉ាងក្រៃលែង ដោយបានរស់នៅក្នុង ប្រទេសពោរពេញដោយ ធនធាន ធម្មជាតិដ៏ច្រើនឥតគណនា នៅតាមតំបន់ភូមិសាស្រ្តផ្សេងៗគ្នាជាច្រើន»។
ក្រសួងបន្ដថា នៅភាគខាងជើង និងឦសាននៃប្រទេស មានប្រភេទព្រៃល្បោះ និងព្រៃស្រោង កំពុងគ្របដណ្តប់ នៅភាគនិរតី មាននូវព្រៃរងទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគ កណ្តាល មានប្រព័ន្ធផ្លូវទឹកដ៏ធំធេងនៃបឹងទន្លេសាប និងទន្លេមេគង្គ។
ក្រសួងបញ្ជាក់ថា តំបន់ភូមិសាស្ត្រនីមួយៗ បង្កើតបាននូវភាពសម្បូរបែបនៃធនធានជីវៈចម្រុះ ដែលក្នុងនោះ គេឃើញមានរុក្ខជាតិចម្រុះតូចធំប្រមាណ ២៣០០ប្រភេទ(USAID, August 23, 2019) និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ (របាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះ)។
ក្រសួងបរិស្ថាន បញ្ជាក់ថា ក្នុងចំណោមរុក្ខជាតិ-សត្វទាំងនោះ មួយចំនួនស្ថិតក្នុងប្រភេទមាន ដោយកម្រ និងប្រភេទជិតផុតពូជជាដើម ដែលមិនមាននៅតំបន់ណា ផ្សេងក្រៅពីប្រទេស កម្ពុជា នោះឡើយ។ ហេតុដូចនេះថា «សូមចូលរួមអភិរក្សជីវៈចម្រុះ ដើម្បីយើងទាំងអស់ គ្នា»៕
ដោយ ៖ អេង ប៊ូឆេង
![](https://dap-news.com/wp-content/uploads/2020/06/photo_2020-06-02_12-39-33.jpg)
![](https://dap-news.com/wp-content/uploads/2020/06/photo_2020-06-02_12-39-42.jpg)
![](https://dap-news.com/wp-content/uploads/2020/06/photo_2020-06-02_12-39-30.jpg)
![](https://dap-news.com/wp-content/uploads/2020/06/photo_2020-06-02_12-39-36.jpg)
![](https://dap-news.com/wp-content/uploads/2020/06/photo_2020-06-02_12-39-39.jpg)
![](https://dap-news.com/wp-content/uploads/2020/06/photo_2020-06-02_12-39-44.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)