ព័ត៌មានជាតិ

ធនាគារឯកទេសវីង នឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ទៅលេខទូរសព្ទ កម្មករនិយោជិតដោយផ្ទាល់

ភ្នំពេញ៖ ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលទៅ តាមលេខទូរស័ព្ទ របស់កម្មករនិយោជិត ចំនួន៤៩៩៦០នាក់ បានផ្ដល់ឲ្យក្រសួង តាមរយ: រដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក នៃរោងចក្រ សហគ្រាសសរុបចំនួន ១៦៥ ដែលទទួលបាន ការអនុញ្ញាត ព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នៅថ្ងៃទី ទី៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យ លើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ តាមចំនួនកំណត់មួយចំនួនរួមមាន៖ ចំនួន៦១ ៥០០រៀល (១៥ដុល្លារ) សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ១២៣ ០០០រៀល (៣០ដុល្លារ) សម្រាប់ការព្យរកិច្ចសន្យាការងារ រយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ១៦៤ ០០០រៀល (៤០ដុល្លារ) សម្រាប់ការ ព្យួរកិច្ចសន្យាការងារ តាមរយ:ពេលចាប់ពី២១ថ្ងៃដល់១ខែ។

ដើម្បីចៀសវាងការលំបាកក្នុង ការបង្វិលសងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាសសុំចូលធ្វើការ មុនការកំណត់ រយ:ពេល ព្យួរកិច្ចសន្យាការងារ នោះប្រាក់ ឧបត្ថម្ភ នឹងត្រូវចែកចេញជា ២ដង សម្រាប់កម្មករនយោជិត ដែលព្យួរកិច្ចសន្យា ការងារចាប់ពី ២១ថ្ងៃ ដល់ ១ខែ, និងត្រូវបែងចែកជា ៤ដង សម្រាប់កម្មករនយោជិត ដែលព្យួរកិច្ចសន្យាការងារ រយៈពេល ២ខែ ដោយក្នុង ១ដង ស្មើនឹងថវិកាចំនួន ៨២ ០០០រៀល (២០ដុល្លារ)។

ក្រសួងបញ្ជាក់ ថាធនាគារឯកទេស វីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករនយោជិតខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទ ពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ កម្មករ នយោជិត ត្រូវយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទ ដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។ ការដក់ប្រាក់ឧបត្ថម្ភនេះ មិនតម្រូវឱ្យបង់ ថ្លៃសេវាទៅឲ្យភ្នាក់ងារវីងឡើយ

ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង១៦៥ នេះ មិនបានទទួលសារ ទូរស័ព្ទពីធនាគារឯកទេសវីង នោះទាក់ទងទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន សួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាព លេខទូរស័ព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសជាបន្ទាន់ ដោយផ្អែកលើខ្លឹមសារ នៃសេចក្តីណែនាំលេខ០៤៥/២០ របស់ក្រសួង។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានរោងចក្រជាង២០០ បានព្យួរការងារ ដែលប៉ះពាល់កម្មករនិយោជិត ជាង១៣ម៉ឺននាក់ គ្មានការងារធ្វើ៕ ដោយ៖ធី លីថូ

To Top