ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ប្រាប់ឲ្យនគរបាល ត្រូវស្មោះត្រង់បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល

ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានថ្លែងថា ទោះ ក្នុងតម្លៃណាក៏ដោយ ដាច់ខាត នគរបាលអង្គរក្ស ត្រូវតែស្មោះត្រង់បម្រើ ជាតិ សាសនា ព្រះ មហាក្សត្រ និងរាជរដ្ឋាភិបាល ។ នេះបើយោងតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្នុងពិធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ ក្របខ័ណ្ឌថ្មី នៃ នាយកដ្ឋានអង្គរក្ស នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅនាយកដ្ឋានអង្គរក្ស លោក ឆៃ ស៊ីណារិទ្ធ មានប្រសាសន៍ថា «ក្នុងនាមជាកងកម្លាំង នគរបាលអង្គរក្ស ចាំបាច់ត្រូវតែមានមូល ដ្ឋានច្បាស់លាស់ មានចិត្តស្មោះត្រង់ជាមួយប្រទេសជាតិ ជាមួយអង្គ ព្រះមហាក្សត្រ និងថ្នាក់ ដឹកនាំ ដែលទាំងនេះជាចំណុចចម្បង និងសំខាន់បំផុតដែល ត្រូវតែមានការ តាំងចិត្តខ្ពស់»។

លោកបន្ដថា បើនគរបាលអង្គរក្សគ្មានចិត្តស្មោះត្រង់មានន័យថា មិនអាចធ្វើជាកងកម្លាំងអង្គ រក្សបានទេ ព្រោះថាសុខទុក្ខ និងសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ គឺពឹងផ្អែកទាំងស្រុងមកលើពួក គាត់។

ឆ្លៀតឱកាសនោះដែរ អគ្គស្នងការរង នគរបាលជាតិ ក៏បានសំណូមពរឲ្យមន្ត្រី ដែលជាកង កម្លាំងនគរបាលអង្គរក្ស ត្រូវតែរួបរួមសាមគ្គីផ្ទៃក្នុង ចេះយោគយល់ និងជួយគ្នាទៅវិញទៅមក ត្រូវហាត់ពត់លុតដំកាយសម្បទា សុខភាពរបស់ខ្លួនឲ្យបានល្អប្រសើរ សំដៅធ្វើយ៉ាងណា ជៀស ផុតពីជំងឺផ្សេងៗ ជាពិសេស ត្រូវរួមគ្នាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ជម្ងឺកូវិដ១៩ ដែលកំពុងរាតត្បាតជាសកល ៕ ដោយ៖ អេង ប៊ូឆេង

To Top