ព័ត៌មានជាតិ

អគ្គនាយក A&RDB បន្តចុះផ្សព្វផ្សាយ គោលការណ៍ និងលក្ខខណ្ឌឥណទាន ក្រោមកម្មវិធី ហិរញ្ញប្បទានពិសេស រាជរដ្ឋាភិបាល ៥០លានដុល្លារ នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ដោយមានការសម្របសម្រួល​ ពីរដ្ឋបាលសាលាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះបន្តចុះផ្សព្វផ្សាយ គោលការណ៍ឥណទាន និងលក្ខខណ្ឌឥណទាន ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ៥០លានដុល្លារ ជូនដល់បងប្អូន ប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម​ នៅខេត្តកំពង់ធំ ។

កម្មវិធីចុះផ្សព្វផ្សាយនេះមានដូចជា៖​ ១.ផ្សព្វផ្សាយគោលការណ៍ឥណទាន និងលក្ខខណ្ឌទទួលបានឥណទាន​ ក្រោមកម្មវិធី ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូន ប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។

២.ផ្សព្វផ្សាយ ពីការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកែសម្រួល កម្មវិធីហិរញ្ញប្បទានពិសេស៥០ លានដុល្លារ តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងកែសម្រួលលក្ខខណ្ឌឥណទាន ដើម្បីសម្រួលដល់ការទទួលបាន ឥណទានហិរញ្ញប្បទានពិសេសនេះ ពីធនាគារ។

បន្ថែមលើនេះ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូន កសិករចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ឲ្យរៀបចំផែនការដាំដុះ ផែនការចញ្ចឹម ឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ ក្នុងទីផ្សារ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយ ការនាំចូលពីប្រទេសជិតខាង។ ក្នុងករណីបងប្អូនក្វះទ្រព្យធានា លោកអគ្គនាយក ស្នើសុំអោយបងប្អូន ប្រមូលផ្តុំចងក្រងគ្នា ជាក្រុមផលិត ឬសហគមន៍កសិកម្ម ដើម្បីងាយស្រួល​ ទទួលបានឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

ជាមួយគ្នានោះ ដើម្បីចូលរួមលើកកម្ពស់ជីវភាព កសិករ ជួយសេដ្ឋកិច្ចប្រទេសជាតិ និងជួយលើកកម្ពស់សុខមាលភាព​ របស់ប្រជាពលរដ្ឋ លោកក៏បាន ស្នើសុំអោយបងប្អូន បង្កើនការផលិតក្នុងស្រុក​ ប្រកបដោយគុណភាព មានស្តង់ដារ និងកាត់បន្ថការប្រើប្រាស់ជីគីមី ដើម្បីបំពេញតំរូវការទីផ្សារ ក្នុងតំណាក់កាល ដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដោយសារជំងឺកូវីដ ១៩ និងបញ្ហា EBA។

បន្ទាប់ពីការធ្វើបទបង្ហាញ លោក កៅ ថាច អគ្គនាយក​ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឆ្លើយតប និងពន្យល់នូវចម្ងល់ផ្សេងៗ របស់បងប្អូនកសិករ ដោយផុសផុល និងភាពស្និតស្នាល។

សូមបញ្ជាក់ថាក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក សុខ លូ អភិបាលខេត្តកំពង់ធំម,​ លោក ហាវ វិសិដ្ឋ អគ្គនាយករង រដ្ឋបាលជលផល
,តំណាង តំណាងអគ្គនាយ កាខភាពសត្វ និងផលិតកម្មពេទ្យសត្វ,និងសមាជិក នៃអភិបាលរងខេត្ត អភិបាលស្រុក និងមន្ទីជំនាញជុំវិញខេត្តផងដែរ។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹង​ ដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃ ផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទាន សម្រាប់ពង្រីកអាជីវកម្ម សូមទំនាក់ទំនងព័ត៌មានបន្ថែម តាមរយៈទូរស័ព្ទលេខ ០៩៩ ២១២២២៩/០១២ ៧០៦៦៣៦/០៧៧ ៧៥៩១៥៩៕

To Top