ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសណែនាំ មន្រ្តីឲ្យយកចិត្តទុកដាក់ ការពារបូរណភាពទឹកដី មិនត្រូវឲ្យគេរំលោភបំពាន និងមើលងាយជាដាច់ខាត

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រាប់ទៅឯកអគ្គរាជទូត និងមន្ត្រីការទូតទាំងអស់ ឲ្យយកចិត្តទុកដាក់ការពារ ផលប្រយោជន៍គ្រឹះរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យបានគង់វង់ល្អ ពោលគឺការពារបូរណភាពទឹកដី មិនត្រូវឲ្យគេរំលោភបំពាន និងមើលងាយជាដាច់ខាត ។

ក្នុងពិធីបិទវគ្គតម្រង់ទិសសម្រាប់ ឯកអគ្គរាជទូត និងមន្ត្រីការទូត របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣ មិថុនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា នេះមិនមែនជាលើកទីមួយទេ ដែលវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំវគ្គបែបនេះឡើង ចាប់តាំងពីអគារនេះ ត្រូវបានសម្ភោធដាក់ឲ្យ ប្រើប្រាស់នាដើមឆ្នាំ២០១៨មក ហើយលើកនេះក៏ជាលើកទីពីរដែរ ដែលវិទ្យាស្ថាន បានរៀបចំវគ្គបំប៉នមួយ ជូនសហព័ទ្ធឯកអគ្គរាជទូតយើង ។

ប្រមុខការទូតកម្ពុជា បញ្ជាក់ថា «យកចិត្តទុកដាក់ការពារ ផលប្រយោជន៍គ្រឹះរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋយើងឲ្យបានគង់វង់ល្អ ពោលគឺការពារបូរណភាពទឹកដី មិនឲ្យគេរំលោភបំពាន ទន្រ្ទានកាន់កាប់ ប្រើប្រាស់ខុសច្បាប់ ការពារ អធិបតេយ្យ ឯករាជ្យ កិត្យានុភាព កិត្តិយសជាតិយើង កុំឲ្យគេរំលោភបំពាន មើលងាយជាដាច់ខាត» ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃវិទ្យាស្ថាន ដែលបានខិតខំសម្រេចសិមិទ្ធផល គួរឲ្យកត់សំគាល់ក្នុងការរៀបចំ កសាង និងដំណើការវិទ្យាសា្ថននេះ ពីកវែក កឆ្នាំងមក និងបានរៀបចំការបណ្តុះបណ្តាល ពង្រឹងនិងធ្វើវិក្រឹត្យការ សមត្ថភាពមន្ត្រីក្រសួង ក៏ដូចជាជូនមន្ត្រីស្ថាប័នផ្សេងៗទៀតផង។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា នៅពេលស្ថានភាពប្រយុទ្ធប្រឆាំងកូវីដ១៩ ធូរស្រាលដល់កម្រិតដែល នឹងអនុញ្ញាតឱ្យការធ្វើដំណើរ ពីប្រទេសមួយទៅប្រទេសមួយបាននោះ ឯកអគ្គរាជទូត អគ្គរាជទូត ទីប្រឹក្សា អគ្គកុងស៊ុល និងមន្ត្រីនានារបស់យើង នឹងទៅកាន់តំណែងថ្មីរបស់ខ្លួន នៅតាមស្ថានតំណាងនានា ក្នុងនោះមានប៉ុស្តិ៍សំខាន់ៗដូចជា ប៉ារីស ឡុងដុង ញូយ៉ក អង់ការ៉ា ចាការតា និងវៀងច័ន្ទ ជាដើម។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានផ្តល់ជូននូវការណែនាំ និងចែករំលែក បទពិសោធន៍មួយចំនួន ថែមទៀតដូចតទៅ៖

ទី១ អំពីគោលការណ៍ការងារទូទៅ គឺត្រូវផ្អែកលើការងារធំៗទាំង៥ ដែលក្រសួងបានដាក់ចេញហើយ ដែលត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រីគាំទ្រ ណែនាំបន្ថែមក្នុងឱកាស បិទសន្និបាតកាលពីដើមឆ្នាំនេះ។ ក្នុងនោះយកចិត្តទុកដាក់ការពារ ផលប្រយោជន៍គ្រឹះរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋយើង ឲ្យបានគង់វង់ល្អ ពោលគឺការពារបូរណភាពទឹកដី មិនឲ្យគេរំលោភបំពាន ទន្រ្ទានកាន់កាប់ ប្រើប្រាស់ខុសច្បាប់ ការពារ អធិបតេយ្យ ឯករាជ្យ កិត្យានុភាព កិត្តិយសជាតិយើង កុំឲ្យគេរំលោភបំពាន មើលងាយជាដាច់ខាត។ សកម្មចេញមុខ បកស្រាយការពារ នយោបាយរាជរដ្ឋាភិបាល ការពិតនៅកម្ពុជា បកអាក្រាតការមួលបង្កាច់ បង្ខូចកិត្តិនាមយើង។ ការពារសន្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់ របៀបរៀបរយផ្ទៃក្នុងប្រទេស តាមរយៈការតស៊ូប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងរុញច្រាន ឲ្យប្រទេសជាតិយើង ធ្លាក់ក្នុងសង្រ្គាមសារជាថ្មី ប្រឆាំងរាល់ការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈ របស់ប្រជាជនម្ចាស់ឆ្នោតដ៏ច្រើនលើសលប់ កសាងទំនាក់ទំនងល្អ ជាមួយថ្នាក់ដឹកនាំ អ្នកនយោបាយ អ្នកមានឥទ្ធិពល នៅក្នុងប្រទេសម្ចាស់ផ្ទះ និងកសាងទំនាក់ទំនងស្និទ្ធស្នាល ជាមួយពលរដ្ឋដែលរស់នៅ ធ្វើការ ប្រកបរបររកស៊ី និងជួយយកអាសារពលរដ្ឋយើង ដែលជួបការលំបាកនៅទីនោះ។

ទី២ ជួយរួមវិភាគទាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិយើង តាមរយៈការ អនុវត្តន៍ការទូតសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។ គ្មានប្រទេសណា អាចទទួលជោគជ័យបាននោះទេ បើប្រសិន មិនយកបញ្ហាសេដ្ឋកិច្ចធ្វើជាស្នូល ធ្វើជារបៀបវារៈទី១របស់ខ្លួននោះ។ ស្ថានទូត ស្ថានបេសកកម្មរបស់យើង មានភារកិច្ចជួយលើកស្ទួយកម្ពុជា ឲ្យក្លាយជាគោលដៅពេញនិយម សំរាប់ការបោះទុនវិនិយោគ និងធ្វើទេសចរណ៍ ផ្សព្វផ្សាយផលិតផលកម្ពុជា វប្បធម៌ប្រវត្តិសាស្រ្ត ទំនៀមទំលាប់ខ្មែរឲ្យបានទូលាយ។

ទី៣ គ្រប់គ្រងឲ្យបានល្អស្ថានបេសកកម្ម ស្ថានបេសកកម្មយើងមិនធំទេ មន្ត្រីបុគ្គលិកក៏មិនច្រើនដែរ ប៉ុន្តែការងារនៅទីនោះ គឺជាការងារ ដែលមានលក្ខណៈពហុវិស័យ ចំរុះបែប។ ដោយហេតុនេះ ទាមទារឲ្យប្រធានស្ថានបេសកកម្ម មានភាពជាអ្នកដឹកនាំខ្ពស់ មានវិន័យ និងសីលវិធី ច្បាស់លាស់ ក្នុងការគ្រប់គ្រងចាត់ចែងការងារ និងរស់នៅដោយសុខដុម ជាមួយមន្ត្រី បុគ្គលិកក្រោមឱវាទ ៕

ដោយ៖ ខា ដា

To Top