ភ្នំពេញ៖ កម្មវិធីទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រតាមប្រព័ន្ធទូរស័ព្ទដៃ (NSSF Claim Mobile App) ដែលត្រូវបានលើកយក មកប្រជុំពិភាក្សាបន្ត នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ នៅសាលប្រជុំស្នាក់ការកណ្តាល នៃ ប.ស.ស. ក្នុងរាជធានីភ្នំពេញ ស្ថិតក្រោមធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក នៃបេឡាជាតិរបបសន្តិសុខសង្គម នៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សានេះ លោក អ៊ុក សមវិទ្យា បានបញ្ជាក់ថា កន្លងមកបេឡាជាតិ របបសន្តិសុខសង្គម បានអនុវត្តយន្តការនៃការទូទាត់សេវា ដែលតម្រូវឱ្យ មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀង ស្នើសុំទូទាត់ថ្លៃសេវា ដោយភ្ជាប់មកជាមួយនូវលិខិត ប្រើប្រាស់សេវា របស់សមាជិក (Patient Form), វិក័យប័ត្រ, វេជ្ជបញ្ជា ។ល។ មក បេឡាជាតិរបបសន្តិសុខសង្គម។
លោកបន្តថា ដើម្បីសម្រួលដល់យន្តការ នៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនេះ ឱ្យកាន់តែមានភាពងាយស្រួល និងមានសុក្រឹតភាព ទៅលើការពិនិត្យសុពលភាព ជាពិសេសសុក្រឹតភាព ក្នុងការទូទាត់ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ឯកសារ ជាក្រដាស និងចំណេញពេលវេលា ក្នុង ការងាររដ្ឋបាល បេឡាជាតិរបបសន្តិសុខសង្គម បានសម្រេច រៀបចំកម្មវិធីទូទាត់ ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រតាមប្រព័ន្ធទូរស័ព្ទដៃ (NSSF Claim Mobile App) ដែលនឹងត្រូវចាប់ផ្តើម ដាក់អោយដំណើរការ នាពេលខាងមុខ ។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តិទៅដោយមានការចូលរួមពី លោក Hubert Zander ទីប្រឹក្សាបច្ចេកទេស នៃ ប.ស.ស. លោក Kelvin Hui HSF Component Leader Social Health Protection នៃអង្គការ GIZ និងលោកវេជ្ជ. Song Chhiay ទីប្រឹក្សាផ្នែកកិច្ចគាំពារសង្គម ៕