Covid-19

កម្ពុជា-ចិន គាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយ ផលប៉ះពាល់ ពីជំងឺ កូវីដ-១៩

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ នាពេលថ្មីៗនេះ រវាងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិ ធម៌ ជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ភាគីទាំងពីរបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយគាំទ្រគ្នា ទៅវិញ ទៅមក ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះ ពាល់ សេដ្ឋកិច្ច សង្គមកិច្ច ដោយសារជំងឺ កូវីដ-១៩។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កម្ពុជា-ចិន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងគ្រប់ ជ្រុងជ្រោយរវាង កម្ពុជា និងចិន នាពេលកន្លងមក ដោយរួមបញ្ចូលការអភិវឌ្ឍធនធាន មនុស្ស ការអនុវត្តច្បាប់ និងការពង្រឹងសន្តិសុខសង្គម។

ជាងនេះទៅទៀត កម្ពុជា-ចិន ក៏បានសម្តែងនូវក្តីបារម្ភ ចំពោះផលប៉ះពាល់នៃការរីករាលដាល នៃជំងឺ កូវីដ-១៩ ទាំងលើវិស័យសេដ្ឋកិច្ច ទាំងលើវិស័យសង្គមកិច្ច ហើយថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញនូវការយកទឹកចិត្តក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកាត់ បន្ថយផលប៉ះពាល់នៃជំងឺនេះ។

ឆ្លៀតឱកាសនោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានសម្តែង នូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគី ឲ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈកិច្ចសហការលើការអនុវត្តច្បាប់ ការកសាងសមត្ថភាព និងការកសាងហេដ្ឋារចនា សម្ព័ន្ធជាអាទិ៍៕

ដោយ ៖ អេង ប៊ូឆេង

To Top