ព័ត៌មានជាតិ

ន័រវែស បន្តជួយដោះមីន នៅកម្ពុជា ជាង៥លានដុល្លារ

ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសន័រវែស តាមរយៈ លោក Zlatko Vezilic ប្រធានគម្រោង Humanitarian Disarmament របស់អង្គការ NPA ប្រចាំកម្ពុជា ប្រកាសបន្តជួយ ដល់ការបោសសម្អាតមីន នៅកម្ពុជា ប្រមាណជា ៥ លានដុល្លារ បន្ថែមទៀត សម្រាប់រយៈពេល ៤ឆ្នាំ ទៅមុខទៀត ។ យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ អាជ្ញាធរមីន ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ លោក Zlatko Vezilic បានឲ្យដឹងថា «ប្រទេសន័រវែស តាមរយៈអង្គការ NPA នឹងបន្តជួយដល់ការបោសសម្អាតមីន នៅជុំវិញពិភពលោក ក្នុងនោះ ប្រទេសកម្ពុជា ជាករណីពិសេស ដែលប្រទេសន័រវែស ផ្តោតយកចិត្តទុកដាក់ខ្ពស់ និងបន្តផ្តល់ជំនួយប្រមាណ ៥ លានដុល្លារអាមេរិក បន្ថែមទៀត សម្រាប់ការងារបោស សម្អាតមីនរយៈពេល ៤ឆ្នាំ ខាងមុខ»។

ឆ្លៀតឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណ រដ្ឋាភិបាល និងប្រជាជនន័រវែសដែលចូលរួមយ៉ាង សកម្មក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមាន ៖ ការផ្តល់ជំនួយបោសសម្អាតមីន ការកសាងសមត្ថភាពថ្នាក់ជាតិ ការគ្រប់គ្រងទិន្នន័យមីន និងចូលរួមជាប្រតិបត្តិករបោសសម្អាត គ្រាប់បែកចង្កោមនៅភូមិភាគឦសាន ផងដែរ។

សូមរំលឹកថា អង្គការ NPA គឺជាអង្គការដំបូងគេបង្អស់ នៅលើពិភពលោក ដែលបានបណ្តុះបណ្តាលសុនខហិតមីន និងបានជួយដល់ មជ្ឈមណ្ឌលស៊ីម៉ាក់ លើការការងារបោសសម្អាតមីន ដោយសុនខនៅកម្ពុជា ៕

ដោយ ៖ អេង ប៊ូឆេង

To Top