ស្វាយរៀង ៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២០នេះ បានចុះពិនិត្យមុខទំនិញនៅផ្សារជីភូ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែងរកសារធាតុគីមី ដែលតាំងលក់នៅលើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់ ។
លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានថ្លែងថា សកម្មភាពចុះត្រួតពិនិត្យនៅផ្សារជីភូ នាព្រឹកនេះ មន្ត្រីជំនាញយើងបានពិនិត្យ គ្រឿងឧបភោគ បរិភោគនៅតាមស្តង់ក្នុងផ្សារ តាំងលក់ទំនិញនិងបានប្រើប្រាស់ ឧបករណ៍ធ្វើTest Kits បឋមលើម្ហូបអាហារ ចំនួន៣៣គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ។
លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលក្រោយពីការ អនុវត្តការងារមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេតប្រើប្រាស់៦មុខ មានដូចជាទឹកដោះគោ ១៦កំប៉ុង តែកញ្ចបប់ចំនួន២៣កញ្ចប់ ថ្នាំដុសធ្មេញចំនួន៧ប្រអប់ ទឹកក្រូចម៉ាក7up ចំនួច១២កំប៉ុង និងខ្ទឹមស ១កញ្ចប់ស្មើនឹង៥kg(ខូចគុណភាព) ងៀតបបែលចំនួន២kg (មានសារធាតុគីមីborax) ហើយមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោល នៅពេលក្រោយ។
លោក ផឹង និល បានបញ្ជាក់ថា មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមន្ទីរពាណិជ្ជកម្មខេត្ត និងចុះពិនិត្យមុខទំនិញឲ្យបាន ដូចភ្លៀងរលឹមដើម្បីស្វែងរក សារធាតុ ដែលហាមឃាត់ (សារធាតុគីមី) ដែលធ្វើឲ្យអ្នកបរិភោគអាច ប៉ះពាល់ដល់សុខភាព ។ និងស្នើរឲ្យអាជីវករ ចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក្នុងការចុះត្រួតពិនិត្យទំនិញផ្សេងៗ គ្រប់ភេទ នៅតាមទីផ្សារក្នុងខេត្តបន្តទៀតផងដែរ ៕