ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដាំផ្ញេី ទៅដល់ប្រជាពលរដ្ឋខ្មែរថា កុំធ្វេសប្រហែសឲ្យសោះ ចំពោះជំងឺកូវីដ-១៩ ព្រោះជំងឺនេះ នៅតែមិនទាន់មានថ្នាំព្យាបាលឡេីយ ដូច្នេះពលរដ្ឋត្រូវប្រុងប្រយ័ត្ន គ្រប់ពេលវេលា ផងដែរ។
យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ថា “ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ ជំងឺឆ្លងរលាកផ្លូវដង្ហើម កូវីដ-១៩ ជាពិសេស នៅថ្ងៃចុងសប្តាហ៍ ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ធ្វើដំណើរកំសាន្ត នៅតាមតំបន់រមណីយដ្ឋាននានា ដែលអាចជួបជុំ ក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅ ទៅទទួលទានអាហារ នៅតាមភោជនីយដ្ឋាន និងដើរកំសាន្ត នៅតាមផ្សារទំនើបតូចធំជាដើម”។
សម្ដេចតេជោ បន្ដថា នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យ ត្រូវមានម៉ាស និងមានទឹកអាល់កុល ឬចឹលប្រើប្រាស់ ឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដេីម្បីទប់ស្កាត់ ការការឆ្លងជំងឺ។
សម្ដេចតេជោ បន្ថែមថា “ចំពោះបងប្អូន ប្រជាពលរដ្ឋ ត្រូវមានម៉ាស ទឹកអាល់កុល ឬចឹលដាក់ជាប់តាមខ្លួន ជាប្រចាំ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសឲ្យសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើង មិនឆ្លងទេនោះ គឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ កំពុងឆ្លងរាតត្បាត នៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ”។
បន្ថែម នាយករដ្ឋមន្ត្រី បញ្ជាក់ថា ដូច្នេះពលរដ្ឋគ្រប់គ្នាត្រូវប្រុងប្រយ័ត្ន ការពារសុខភាព។ បេីមានចម្ងល់ ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ សូមទូរស័ព្វទៅលេខ ១១៥។ ជាពិសេស ពលរដ្ឋធ្វើដំណើរ មានសុខសុវត្ថិភាព និងចៀសផុត ពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា៕
ដោយ អេង ប៊ូឆេង