ស្វាយរៀង ៖ លោកស្រី ម៉ែន សំអន គណៈកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុត នៅស្រុកស្វាយទាប និងក្រុងបាវិត សរុបចំនួន ១២៣គ្រួសារ ដែលជាចាស់ជរា គ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគអេដស៍ ស្រ្តីមេម៉ាយកូនច្រើន និងអ្នកមានជំងឺប្រចាំកាយ ។
នៅក្នុងពិធីសំណេះសំណាលនេះ លោកស្រីបានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។ ទីណាមានការលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀង កាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរួញរាឡើយ។
លោកស្រីក៏បាន កោតសសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង ដែលបានចូលរួម យ៉ាងសកម្មក្នុង ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ១៩ ជាពិសេស ការធ្វើចត្តឡីស័ក ឲ្យបានហ្មត់ចត់ ចំពោះបងប្អូន ដែលធ្វើការចំណាកស្រុក នៅពេលដែលត្រលប់ ចូលមកស្រុកកំណើតវិញ។
លោកស្រីក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេស កម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ១៩ តែ២នាក់ទេ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះបានជាសះស្បើយ ១២៤នាក់។ហេតុនេះយើងត្រូវ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងការពារសុខភាព និងធ្វើអនាម័យ តាមការណែនាំ របស់លោក គ្រូពេទ្យ និងការផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល ជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅ ឡើយទេ ព្រោះជំងឺនេះ កាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិត ភ្លាមៗផងដែរ (យើងភ្លេចកូវីដ១៩ ប៉ុន្តែ កូវីដ១៩មិនភ្លេចយើងនោះទេ) ។
លោកស្រីបានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរ ត្រូវតែពង្រឹង ឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ។
អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋទាំង ៥៧គ្រួសារ រួមមាន ៖ អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សាប៊ូ២ដុំ ក្រម៉ា ១ អាវយឺត ២ ម៉ាស់១ និងថវិកាធ្វើដំណើរ ចំនួន៤ម៉ឺនរៀលផងដែរ ៕