ភ្នំពេញ ៖ ថ្មីៗនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង និងមន្ត្រីនគរបាល យុត្តិធម៌ខេត្ត បានចុះដកហូត និងតម្រូវឲ្យម្ចាស់ធ្វើកិច្ចសន្យា ចំពោះករណីផ្លាកលេខ ក្លែងក្លាយ «បាត់ដំបង វត្តម្លប់ពោធិ៍ព្រឹក្ស»។
យោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានពន្យល់ថា គ្រប់ផ្លាកសម្គាល់យានយន្តទាំងអស់ ត្រូវមានទម្រង់ ដែលអនុលោមតាម អនុក្រឹត្យ លេខ ៧៣ អនក្រ.បក ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់ យានជំនិះ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះ។
ក្រសួងបញ្ជាក់ថា ម្ចាស់រថយន្តដែលមានផ្លាកលេខ ទម្រង់មិនត្រឹមត្រូវ ឬផ្ទុយពី ស្មារតីអនុ ក្រឹត្យខាងលើ ត្រូវដកចេញជាបន្ទាន់ រួចត្រូវទៅធ្វើការចុះបញ្ជី បំពាក់ផ្លាកលេខស្របច្បាប់ ឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិនអនុញ្ញាតធ្វើចរាចរណ៍ លើផ្លូវសាធារណៈបានឡើយ៕
ដោយ ៖ អេង ប៊ូឆេង





