ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននិងកំពុងបើកកិច្ចប្រជុំក្រុមការងាររៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត សុខ ផល បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះ ដើម្បីផ្លាស់ប្តូរគំនិតយោបល់ ព្រមទាំងប្រមូលផ្តុំគំនិត សម្រាប់រៀបចំរាយការណ៍ ស្តីពីសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ លើការងារអន្តោប្រវេសន៍ ដែលក្រុមការងារបានព្រាង និងឆ្លងជាបន្តបន្ទាប់ជូន សម្តេចក្រឡាហោម ស ខេង ដើម្បីសុំគោលការណ៍ណែនាំ ដោយកិច្ចប្រជុំ ជាមួយសម្តេចក្រឡាហោម នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
សូមបញ្ជាក់ថា ច្បាប់នេះបង្កើតឡើង ក្នុងគោលបំណង ធានាការគ្រប់គ្រង ជនបរទេសគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីកំណត់អំពីវិធាន និងលក្ខខណសម្រាប់អនុវត្ត ចំពោះជនបរទេសចេញចូល ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះទៀត ច្បាប់នេះត្រូវអនុវត្ត ចំពោះជនបរទេសគ្រប់រូប លើកលែងតែក្នុងករណី ដែលត្រូវអនុវត្តតាមវិធាន នៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី ទោះបីជាជននោះ បានចូលមកតាំងលំនៅមុនពេល ដែលច្បាប់នេះ ចូលជាធរមានហើយក៏ដោយ។ ច្បាប់នេះមានវិសាលភាព អនុវត្តចំពោះជនបរទេសគ្រប់រូបដែល ចូលចេញ ឆ្លងកាត់ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ធី លីថូ



