ភ្នំពេញ៖ សមាគមសិស្សនិស្សិត អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) ធ្វើកម្មវិធីសង្គហធម៌ជាមួយកុមារកំព្រាចំនួន៧០ នាក់នៅមណ្ឌលកុមារកំព្រាកុលាប៤ ក្រោមការចូលរួមលោកចាន់ បណ្ឌិត តំណាងលោកឡាវ វ៉ាន់ ប្រធានក្រុមការងារទី២ នៃសមាគមAMT ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន នីតិសម្បទារាជធានីភ្នំពេញ និងប្រធានមណ្ឌលកុមារកំព្រាកុលាប៤ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)ផងដែរ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននីតិសម្បទា រាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះសមាគមAMT និងសមាគមTYDA ដែលបានយកចិត្តទុកដាក់គិតគូរ ពីសុខមាលភាពរបស់កុមារ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាកុលាប៤។
លោកចាន់ បណ្ឌិត បានលើកឡើងថា សមាគមAMT សហការជាមួយសមាគមTYDA ធ្វើសកម្មភាពសង្គមនិងសកម្មភាពមនុស្សធម៌ តាមរយៈការអប់រំសុខភាព ដើម្បីបង្ការជំងឺកូវីដ-១៩ ការដល់ជូននូវគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា ជូនដល់ក្មួយៗកុមារកំព្រា ដែលសកម្មភាពនេះបានទទួលការយកចិត្តទុកដាក់ពីសំណាក់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងក្រុមការងារ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលកុមារកំព្រាកុលាប៤ មានតួនាទីគ្រប់គ្រងចិញ្ចឹមបីបាច់ថែរក្សា អប់រំផ្លូវកាយ និងផ្លូវចិត្ត អប់រំសីលធម៌រស់នៅ អនាម័យទូទៅ និងបញ្ជូនកុមារទៅរៀននៅសាលារដ្ឋ ហើយកុមារសរុបចំនួន៧៧នាក់កំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់មណ្ឌលនេះ។