ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ សង្ឃឹមថា សេចក្តីព្រាង ស្តីពី ការគ្រប់គ្រង ដ្រូន នឹងអាចបញ្ចប់ពេល ឆាប់ៗនេះ

ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានសង្ឃឹមថា សេចក្តីព្រាង អនុក្រឹត្យ ស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) នឹងអាចបញ្ចប់ក្នុងពេល ឆាប់ៗ ខាងមុខនេះ ។

ក្នុងកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រង ដ្រូន លោក ប៊ុន ហុន បាន ឲ្យដឹងថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រង ដ្រូន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០កន្លងទៅ អង្គប្រជុំទាំងមូលបានពិភាក្សាជាបន្តបន្ទាប់ ហើយនៅក្នុងថ្ងៃនេះ អង្គប្រជុំ នឹងចាប់ផ្តើមពិភាក្សា នៅជំពូកទី៣ នៃសេចក្តីព្រាងអនុក្រឹត្យនេះ បន្តទៀត។

លោកក៏សង្ឃឹមថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រង ដ្រូន នឹងអាចបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ។ ហើយបន្ទាប់ពីបញ្ចប់ សេចក្តីព្រាងអនុក្រឹត ស្តីពី ការគ្រប់ គ្រង ដ្រូន នេះ ក្រសួងមហាផ្ទៃនឹងមានរៀបចំកិច្ចប្រជុំជាមួយ អន្តរក្រសួងដែលពាក់ព័ន្ធ ហើយបន្ត ប្រជុំ ជាមួយ អន្តរក្រសួងនានាបន្ថែមទៀ តមុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

សូមបញ្ជាក់ថា កិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្ស បើក (ដ្រូន) បានធ្វើឡើងពីរលើករួចមកហើយ ដោយសេចក្តីព្រាងអនុក្រឹត្យស្តីទាំងមូល មានបទប្បញ្ញត្តិទូទៅទាំងអស់៩ជំពូក និង៣៨មាត្រា។ ដោយអនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងអាកាសយានគ្មានអ្នកបើក (ដ្រូន) គ្រប់ប្រភេទដើម្បីធានា សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ អនុក្រឹត្យនេះផងដែរ គឺមានគោលបំណងកំណត់អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់ តំបន់ហាមឃាត់ការប្រើប្រាស់សេចក្តី ព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រង អាកាសយានគ្មានមនុស្សបើក (ដ្រូន)។ជាពិសេសអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ប្រភេទនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ ដែលបម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខដែលមាន ការអនុញ្ញាតពីរាជរដ្ឋាភិបាល ៕ ដោយ៖ អេង ប៊ូឆេង

To Top