កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញ លើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងក្រោយពីបានអញ្ជើញ ពិនិត្យសំណង់អគាររដ្ឋបាលថ្មី របស់សាលាខេត្តកំពង់ចាម លោកបានសម្រេចធ្វើការសាងសង់អគារនេះបន្ត បន្តាប់ពីបានផ្អាក ការសាងសង់មួយរយ:កន្លងទៅ ។
ក្នុងពេលចុះត្រួតពិនិត្យនោះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ចាក់ថា ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមកទទួលសេវាសាធារណៈនៅសាលាខេត្ត គណៈអភិបាល បានឯកភាព និងអនុញ្ញាតិឲ្យបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះបន្តទៀត ដែលការដ្ឋានសាងសង់ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២០ នេះ។
គូសបញ្ជាក់ថា គម្រោងសាងសង់អាគាររដ្ឋបាលសាលាខេត្ត សង់ឡើងពីគ្រោងបេតុងអាម៉េ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿងទំហំបណ្តាយ ៥៣,២៥ ម ទទឹង ២៤ ម និងកំពស់ ២៤,៥៧ ម មានទីតាំងក្នុងបរិវេណសាលាខេត្ត នៅភូមិទី ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។




