ព័ត៌មានជាតិ

វិភាគ: តើអាចទេ ប៉ូលីសមួយទីក្រុង នឹងត្រូវរំលាយចោល ដោយសារសម្លាប់ បុរសជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ?

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ BBC បានចុះផ្សាយនៅថ្ងៃអង្គារ ទី០៩ ខែមិថុនានេះថា បច្ចុប្បន្ននេះ ក្បួនបាតុកម្មរបស់ក្រុមប្រជា បាតុករនៅសហរដ្ឋអាមេរិក បានថយកំហឹងហើយ ដោយក្រុមបាតុករនៅតែបន្តធ្វើ បាតុកម្មក្នុងទីក្រុងប្រមាណ ជាង៤៣០ទីក្រុង ក្នុងរដ្ឋចំនួន៥០ដដែល ប៉ុន្តែជាក្បួនបាតុកម្មអហិង្សា និងមានសណ្តាប់ធ្នាប់ ច្រើនជាងមុន ។

ជាការឆ្លើយតប ឬអាចជាការផ្តល់សម្បទានមួយដល់ ក្រុមបាតុករ ក្រុមប្រឹក្សាទីក្រុងមីនីអ៊ែប៉ូលី (Minneapolis) រដ្ឋមីណេសូតា (Minnesota) សហរដ្ឋអាមេរិក បានសន្យានឹងរំលាយកងកម្លាំងប៉ូលីសទាំងអស់នៅក្នុងទីក្រុងនេះនៅពេលខាងមុខ ដោយសារតែប៉ូលីសនៅទីក្រុងនេះ បានប្រើអំពើហិង្សាសម្លាប់បុរសអាមេរិកស្បែកខ្មៅ លោក George Floyd ។

 សូមរំលឹកជូនថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ប៉ូលីសនៅទីក្រុង មីនីអ៊ែប៉ូលីស បានយកជង្គង់ទៅសង្កត់ ក លោក George Floyd ក្នុងរង្វង់៨នាទី រហូតដល់ស្លាប់ដោយមិនបានសួររកមូលហេតុ ក្រោយពីទទួលបានពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋ ដែលប្តឹងបុរសស្បែកខ្មៅរូបនេះពីបទយកលុយក្លែងក្លាយ២០ដុល្លារទៅចាយ ។

នេះមិនមែនជាលើកដំបូងទេសម្រាប់សហរដ្ឋអាមេរិក ដែលបានរំលាយកងកម្លាំងប៉ូលីសចោល ដែលកាលពីមុន ទីក្រុងមួយចំនួនរបស់ប្រទេសមហាអំណាចមួយនេះ ក៏បានរំលាយកងកម្លាំងប៉ូលីសចោលដែរ ប៉ុន្តែគ្រាន់តែទីក្រុង មីនីអ៊ែប៉ូលីស គឺជាទីក្រុងធំមួយដែលអាចនឹងប្រព្រឹត្តទៅដោយមិនមានកងកម្លាំងប៉ូលីសនៅពេលខាងមុខ ។

តាមពិត កាលពីឆ្នាំ២០១២កន្លងទៅ ទីក្រុង ខេមដិន (Camden) សហរដ្ឋអាមេរិក ក៏បានរំសាយកងកម្លាំងប៉ូលិសរបស់ខ្លួនចោលដែរ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងទង្វើឧក្រិដ្ឋកម្មដ៏រ៉ាំរ៉ៃដែលកើតមានក្នុងរង្វង់ប៉ូលិស ។

កាលពីឆ្នាំ២០០០ ទីក្រុង ខេមតុន (Campton) នៅរដ្ឋកាលីហ្វូនីញ៉ា បានរំសាយប៉ូលិសចោលដែរ ហើយកាលពីឆ្នាំ២០១៤ ក្រោយហេតុការណ៍ប៉ូលិសស្បែកសបាញ់សម្លាប់យុវជនស្បែកខ្មៅ Michael  Brown ទីក្រុង ហ្វឺគូសុន (Ferguson) នៅរដ្ឋ មីស៊ូរី (Missouri) ធ្លាប់លើកគម្រោងចង់រំសាយកងកម្លាំងប៉ូលិសរបស់ខ្លួនដែរ ។

ចំណែកពេលនេះ ការធ្វើកំណែទម្រង់ប៉ូលិសកំពុងរីកសុះសាយអង្រួនគ្រប់ទីក្រុងទាំងអស់នៅទូទាំងសហរដ្ឋអាមេរិក មិនថាទីក្រុងតូច ធំ ឬទីក្រុងប្រឈមនឹងចលនាបាតុកម្មប្រឆាំងនឹងអំពើហិង្សារើសអើងរបស់ប៉ូលិសទេ សូម្បីតែ ចៅហ្វាយក្រុងLos Angeles ក៏កំពុងពិចាណាចាត់វិធានការដូចគ្នានេះដែរ ។

ដើមចមនាំអោយកើតរឿង

ដើមចមនាំអោយកើតរឿង គឺមិនមែនតែករណីឃាតកម្មលើបុរសអាមេរិកស្បែកខ្មៅ លោក George Floyd នោះទេ គឺមានរឿងផ្សែផ្សំច្រើនទៀត ទើបបណ្តាលអោយផ្ទុះចេញជាក្បួនបាតុកម្មយ៉ាងគគ្រឹកគគ្រេងនៅទូទាំងសហរដ្ឋអាមេរិកបែបនេះ ។

ដើមចមដំបូង គឺកើតចេញពីករណីឃាតកម្មនេះហើយ ប៉ុន្តែវាជាដំបៅចាស់នៅលើទឹកដីអាមេរិកច្រើនទសវត្សរ៍ហើយ នោះគឺការរើសអើងជាតិសាសន៍ ដែលជនជាតិអាមេរិកស្បែកខ្មៅបានចោទប្រកាន់ជនជាតិអាមេរិកស្បែកសពីបទរើសអើងជាតិសាសន៍ ។

ពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍នេះ កាលពីថ្ងៃអង្គារ ទី០២ ខែមិថុនានេះ លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍រួចហើយ ស្តីពីវិសមភាពសង្គមនៅសហរដ្ឋអាមេរិក ដែលកំពុងឆ្លុះបញ្ចាំងអោយឃើញតាមរយៈការធ្វើបាតុកម្ម និងការបាត់បង់ជីវិតមនុស្សដោយសារវីរុសCovid-19 ។

លោកស្រី Michelle Bachelet បានសរសេរក្នុងសេចក្តីថ្លែងការណ៍ថា គេធ្វើមិនដឹងមិនឮជាយូរមកហើយអំពីការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក ដោយជនជាតិអាមេរិកស្បែកស បានរើសអើងលើជនជាតិអាមេរិកស្បែកខ្មៅ ដែលអត្រាមរណៈរបស់ជនជាតិអាមេរិកស្បែកខ្មៅដោយសារវីរុសCovid-19 គឺមានចំនួនច្រើនជាងជនជាតិអាមេរិកស្បែកសដល់ទៅពីរដង ដោយសារការមិនយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យអាមេរិកស្បែកស ។

សន្និដ្ឋាន៖ តើទីក្រុងមីនីអ៊ែប៉ូលីស អាចនឹងប្រព្រឹត្តទៅដោយគ្មានប៉ូលីសកើតទេ?

គឺអាចប្រព្រឹត្តទៅបាន ពីព្រោះបើមិនមានកងកម្លាំងប៉ូលីសទេ គឺទីក្រុងនេះ អាចនឹងពឹងផ្នែកលើប៉ូលីសក្នុងរដ្ឋជិតខាង ឬពឹងផ្អែកលើកងកម្លាំងឆ្មាំសន្តិសុខជាតិ ដែលអាចបំពេញកិច្ចការនានារបស់ប៉ូលីសបានដោយងាយ និងមិនទទួលរងនូវការរិះគន់ពីក្រុមប្រជាបាតុករ ។

ម្យ៉ាងទៀត ដោយសារទីក្រុងមួយចំនួនដូចរៀបរាប់ខាងលើ មានបទពិសោធន៍រួចហើយពីអវត្តមានរបស់កងកម្លាំងប៉ូលីសដើម្បីការពារសន្តិសុខ ប៉ុន្តែមិនមានបញ្ហាចោទទេ ពីព្រោះមានកងកម្លាំងសន្តិសុខ ឬកងកម្លាំងយោធាសម្រាប់ការពារសន្តិសុខរួចហើយ ។

លោក Jacob Frey ចៅហ្វាយក្រុងមីនីអ៊ែប៉ូលីស បាននិយាយថា លោកជាអ្នកផ្តួចផ្តើមគំនិតដាក់កាមេរ៉ាសុវត្ថិភាពជាង៨០០កន្លែងនៅក្នុងក្រុង ព្រោះក្រុងធ្លាប់មានបញ្ហាហិង្សានិងរើសអើងពូជសាសន៍ច្រើនមកហើយ។

ផលប៉ះពាល់

ក្រុមអ្នកជំនាញផ្នែកសន្តិសុខបានលើកឡើងថា ទីក្រុងមីនីអ៊ែប៉ូលីស អាចប្រឈមនឹងបញ្ហាអសន្តិសុខនៅពេលខាងមុខ ដោយសារតែសហរដ្ឋអាមេរិកទាំងមូលប្រឈមនឹងបញ្ហាភេរវកម្មផង បញ្ហាប្រើប្រាស់អាវុធដោយសេរីផង និងបញ្ហាគំនុំពណ៌សម្បុរផល ។

អ្នកជំនាញដដែលបានបន្តថា ប្រសិនបើការរក្សាសន្តិសុខ ធូររលុង មានចន្លោះប្រហោងតែបន្តិច អំពើហិង្សាអាចនឹងកើតឡើង អាចជាការវាយប្រហារភេរវកម្ម ការបាញ់ប្រហារគ្នាដោយគំនុំ ឬការប្រើអំពើហិង្សាដោយ ការប្រើប្រាស់អាវុធ ៕ ដោយៈ អ៊ិន ជិន

To Top