ព័ត៌មានជាតិ

រកឃើញ៣ចំណុច ដែលនាំឲ្យកម្មការិនី សន្លប់នៅរោងចក្រ អំពូលភ្លើងខេត្តស្វាយរៀង ជាង៧០នាក់

ស្វាយរៀង ៖ ក្រោយពីមានករណីកម្មការិនី ប្រមាណជាង៧០នាក់ បម្រើការងារ នៅរោងចក្រធី.វ៉ាយអេឡិចទ្រីកឯ.ក (T.Y.electric co,LTD) ផលិតអំពូលភ្លើងសន្លប់ បីថ្ងៃរួមមកក្រុមការងារចុះស្រាវជ្រាវ ទប់ស្កាត់ករណីសន្លប់របស់ កម្មករនិយោជិតនិង បង្ការគ្រោះថ្នាក់ការងារ(ទ.ស.ប.ក) បានរកឃើញចំនួន៣ចំណុច ដែលនាំឲ្យកម្មករសន្លប់។

លោកតូច ប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀង បានថ្លែងឲ្យដឹង នៅរសៀលថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០នេះថា បន្ទាប់ពីក្រុមការងារ ចុះស្រាវជ្រាវករណីកម្មករ សន្លប់នៅរោងចក្រផលិតអំពូលភ្លើង នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាបក្នុងនោះបានធ្វើការត្រួតពិនិត្យវាស់ស្ទង់ទាំងក្នុង និងខាងក្រៅរោងចក្ររួចមក ក្រុមការងារ ទ.ស.ប.ក សង្កេតឃើញថាករណីខាងលើនេះបណ្តាលមកពីទី១មានសភាពហប់ក្នុងអគារផលិតកម្មទី២បញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ កម្មករនិយោជិត ទី៣*អារម្មណ៍ភិតភ័យតក់ស្លុតតៗគ្នារបស់ កម្មករនិយោជិត។

លោកបានបន្តថាចំណែក វិធានការចំពោះ សហគ្រាស គ្រឹះស្ថាននោះក្រុមការងារឲ្យលោកនាយករោងចក្រត្រូវធ្វើកែលម្អត្រូវ បើកបង្អួចទាំងអស់ក្នុង ពេលបំពេញការងារក្នុងអគារផលិតកម្ម ឲ្យស្របតាមប្រកាស លេខ១២៥ស.ក.ប.យ។និង អប់រំអំពីការទទួលទានចំណីអាហារឲ្យបានត្រឹមត្រូវ ព្រមទាំងសម្រាកឲ្យបានគ្រប់គ្រាន់ ក្នុងរយះពេល៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានានូវ សុខភាពល្អរបស់ កម្មករនិយោជិត។

លោកបានបន្ថែមថាក្នុងនោះ និយោជកត្រូវផ្តល់កិច្ចការ សហការជាមួយ ប.ស.ស ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអប់រំ អំពីលក្ខខណ្ឌ អនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារនិងអត្ថប្រយោជន៍របបសន្តិសុខ សង្គម។ព្រមទាំងត្រូវអនុញ្ញាតឲ្យកម្មការិនីដែលបានទទួលរងគ្រោះចំនួន៧២នាក់ ឲ្យចូលធ្វើការងារវិញនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនាឆ្នាំ២០២០ក្រោមការត្រួតពិនិត្យ របស់គ្រូពេទ្យរោងចក្រ រដ្ឋបាលប្រចាំរោងចក្រ ប្រតិភូបុគ្គលិក មន្ត្រីប.ស.ស សាខាខេត្តស្វាយរៀងនិងតំណាង មន្ទីរការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងផ្អាកការងារបន្ថែម ម៉ោងមួយរយះ។ ចំណែកកម្មករនិយោជិតដែលគ្មានករណីសន្លប់ឲ្យចូលធ្វើការងារ វិញនៅថ្ងៃអង្គារទី៩ ខែមិថុនាឆ្នាំ២០២០។ ហើយករណីនាយករោងចក្ រខកខានមិនបានអនុវត្តនូវវិធានការ ខាងលើត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមានផងដែរ។

សូមបញ្ជាក់ថាកម្មករនិយោជិត នៅរោងចក្រផលិត អំពូលភ្លើងនេះមានកម្មករសរុបចំនួន១៩១១នាក់ (ស្រី១២៤២នាក់) បរទេស២៦(ស្រី១នាក់) ចំនួនអ្នករងគ្រោះកម្មការិនីសរុបចំនួន៧២នាក់ ដោយលើកទី១ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២០ មានកម្មករសន្លប់៤៣នាក់ ស្រី៤៣នាក់ លើកទី២ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០ មានកម្មករសន្លប់ចំនួន៧នាក់ស្រី៧នាក់ លើកទី៣ថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២០ មានកម្មករសន្លប់២២នាក់ស្រីទាំង២២នាក់៕

To Top