ភ្នំពេញ ៖ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានកោតសរសើរចំពោះការខិតខំរបស់ក្រសួងកសិកម្ម ក្នុងការបើកទីផ្សារស្វាយ ស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាង កម្ពុជា -ចិន។
សម្ដេច តេជោ ហ៊ុន សែន បានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ ថា “ខ្ញុំសូមអបអរសាទរនិងកោតសរសើរ ចំពោះការខិតខំរបស់ក្រសួងកសិកម្មក្នុងការបើកទីផ្សារស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិន ដែលនៅថ្ងៃទី៩ ខែ មិថុនា ២០២០ នេះគឺកម្ពុជានិងមិត្តចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការ លើ “លក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន” ។
សម្ដេច តេជោ អរគុណចំពោះលោកអគ្គរដ្ឋទូតចិន និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជំរុញការងារនេះរហូតឈានដល់កិច្ចព្រមព្រៀងគ្នា ជាផ្លូវការនៅថ្ងៃនេះ។ នេះជាដំណឹងល្អសម្រាប់ប្រជាកសិករ ម្ចាស់ចំការ និងពាណិជ្ជករដែលកំពុងវិនិយោគលើដំណាំស្វាយដែលកំពុងមានក្តីកង្វល់ព្រោះមានចំការជាច្រើន ដែលមានស្វាយទុំជ្រុះចោលហើយតម្លៃស្វាយបានធ្លាក់ចុះយ៉ាងច្រើន។
សម្ដេច តេជោ បន្ថែមថា បើតាមព័ត៌មានទទួលបាន គឺមានអាជីវករបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០លើផ្ទៃដី ២១.២៨៦ហិកតា។ សម្ដេចសង្ឃឹមថា ក្រោយពីអគ្គនាយកដ្ឋានកសិកម្មចុះត្រួតពិនិត្យនិងវាយតម្លៃលើចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចហើយ គឺនឹងឈានដល់ការនាំចេញផលិតផលស្វាយខ្មែរនៅពេលឆាប់នេះមិនខាន។
សម្ដេច តេជោ បញ្ជាក់ ថា តាមរយៈការនាំផ្លែស្វាយចេញទៅប្រទេសចិននឹងផ្តល់ការងារនិងប្រាក់ចំណូលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងដំណាក់កាលដែលប្រទេសយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩។
ជាង នេះ ទៅ ទៀត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ” សូមបងប្អូន ប្រជាកសិករ និងពាណិជ្ជករពង្រឹងបច្ចេកទេសដាំដុះឲ្យមានគុណភាពកាន់តែខ្ពស់ និងបង្កើតរោងចក្រវេចខ្ចប់អោយបានត្រឹមត្រូវ ដើម្បីយើងអាចមានលទ្ធភាពកែឆ្នៃផ្លែស្វាយដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើន។ អ្វីដែលសំខាន់បំផុតក្នុងការនាំផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន គឺត្រូវតែមានអនាម័យ និងភូតគាមអនាម័យ(SPS) អោយបានល្អដែលអាចទទួលយកបាននៅក្រៅប្រទេស”៕