ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ៖ ពលរដ្ឋគោរពច្បាប់ចរាចរណ៍ សមត្ថកិច្ចគ្មានផាកពិន័យទេ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រជាពលរដ្ឋគោរពច្បាប់ ចរាចរណ៍ គឺសមត្ថកិច្ច គ្មានផាកពិន័យទេ ក្រោយពីពលរដ្ឋមួយចំនួន លើកឡើថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ស្របពេលកើតជំងឺកូវីដ-១៩។

ក្នុងឱកាសចុះត្រួតពិនិត្យផ្លូវជាតិ លេខ៧ (ក្រចេះ-ត្បូងឃ្មុំ) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានអំពាវនាវ ទៅដល់ពលរដ្ឋ ត្រូវបន្ដគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ។ លោកថា ពេលធ្វើដំណើរ ត្រូវពាក់មួកសុវត្ថិភាព ហើយយករថយន្ដទៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេស (ឆៀក) ឲ្យបានត្រឹមត្រូវ និងបញ្ហាផ្សេងៗទៀត។

លោកមានប្រសាសន៍ថា «ដល់ពេលរាជរដ្ឋាភិបាលរឹត បន្ដឹងច្បាប់ គេចោទយើងថា តឹងពេក ហើយផាកពិន័យខ្ពស់ពេកហើយ ។ បើបងប្អូនមិនរំលោភច្បាប់ទេ អត់មានគេផាកពិន័យទេ។ ឧទាហរណ៍ថា អត់ពាក់មួកសុវត្ថិភាព គេផាកពិន័យហើយ រួចថា ផាកពិន័យថ្លៃពេក កំពុងកូវីដ ផង ។ ផាកពិន័យមានតម្លៃខ្ពស់ទៀត ហើយបងប្អូនពាក់មួក និងគោរពច្បាប់ចរាចរណ៍ គ្មានគេផាកពិន័យណា» ។

បន្ថែមពីនេះ រដ្ឋមន្ដ្រីសាធារណការ ក៏បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានបន្ដការរឹតបន្ដឹងច្បាប់ចរាចរណ៍ គ្មានដកថយឡើយ ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

សូមរំលឹកថា ក្នុងរយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ថ្ងទី៩ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក មានមធ្យោបាយសរុបចំនួន ១១,០៥៥គ្រឿង ល្មើសច្បាប់ ក្នុងនោះមានម៉ូតូចំនួន ៨,៤៧៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩ នៅទូទាំងប្រទេស ៕

ដោយ ៖ អេង ប៊ូឆេង

To Top