ព័ត៌មានជាតិ

រាជរដ្ឋាភិបាល មានបំណងប្រែក្លាយ តំបន់អភិរក្សឲ្យទៅជា តំបន់ទេសចរណ៍ធម្មជាតិ

ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាល មានបំណងប្រែក្លាយតំបន់អភិរក្ស ដែលមានបច្ចុប្បន្នឲ្យទៅជា តំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើង នៃវិស័យទេសចរណ៍។

យោងតាម គេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក នេត្រ ភក្រ្តា បានឲ្យដឹងថា រាជរដ្ឋាភិបាល មានទិសដៅធ្វើយ៉ាងណា ឲ្យសហគមន៍ មាន ចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការ ពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មាន ពីយូរលង់ណាស់មកហើយ។

លោកបន្ដថា ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដោយបង្កើតមុខរបរថ្មី បម្រើឲ្យវិស័យ អេកូទេសចរណ៍ ព្រមទាំង ការបណ្តុះបណ្តាលសហគមន៍ ឲ្យចេះគ្រប់គ្រង និងការចិញ្ចឹម សត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀត មានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ ភ្ញៀវទេសចរដែលទៅទស្សនា កម្សាន្ត នៅក្នុងតំបន់សហគមន៍ របស់ពលរដ្ឋផងដែរ។

លោកបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាមានបំណង ប្រែក្លាយតំបន់អភិរក្ស ដែលមានបច្ចុប្បន្ន នេះ ឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើង នៃវិស័យទេសចរណ៍ និងតម្រូវការរបស់ពលរដ្ឋនៅ ក្នុងការដើរកម្សាន្ត។ បច្ចុប្បន្ននេះ ទេសចរណ៍ក្នុងស្រុកមាន កំណើនឡើងគួរ ឲ្យកត់សម្គាល់ ដោយសារតែប្រជាពលរដ្ឋមានជីវភាព ធូរធារដោយសារតែ កំណើន សេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស»។

នាឱកាសនោះ រដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះអង្គការដៃគូនិងម្ចាស់ជំនួយ ជាពិសេសទីភ្នាក់ងារ USAID ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុង ការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ឲ្យនៅគង់វង្សសម្រាប់មនុស្ស ជំនាន់ ក្រោយបន្តទៀត៕

ដោយ ៖ អេង ប៊ូឆេង

To Top