ព័ត៌មានជាតិ

អាជ្ញាធរ គ្រោងប្ដូរទីតាំង ចាក់សំរាម ទៅខេត្តកណ្តាល ខណៈទីតាំងចាស់ ត្រូវធ្វើជាកន្លែង ផ្ទេរសំរាមវិញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងផ្លាស់ប្តូរ ទីតាំងចាក់សំរាម ទៅនៅតាមបណ្ដោយផ្លូវលេខ៥១ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ខណៈដែលទីតាំង ចាក់សំរាមចាស់ នៅក្នុងខណ្ឌដង្កោបច្ចុប្បន្ន និងរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ ។

យោងតាមការលើកឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង បានមានប្រសាសន៍ថា “នៅពេលដែលយើងផ្ទេរ ទៅកាន់ទីលាន ចាក់សំរាមថ្មីហើយនោះ ទីតាំងចាក់សំរាមចាស់ ក្នុងខណ្ឌដង្កោ នឹងទុកជាកន្លែងផ្ទេរសម្រាម” ។

លោកអភិបាលរាជធានី បានបន្តថា “ក្រៅពីនេះ យើងក៏បានជ្រើសរើស យកទីតាំងផ្ទេរសម្រាម ចំនួនបីខណ្ឌផ្សេងទៀត នៅជាយរាជធានីភ្នំពេញ ដែលក្នុងនោះ នៅខណ្ឌព្រៃព្នៅ មាន២ទីតាំង ខណ្ឌសែនសុខមាន១ទីតាំង និងនៅខណ្ឌពោធិ៍សែនជ័យ មាន១ទីតាំង ” ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានដេញថ្លៃក្រុមហ៊ុនដឹកជញ្ជូនសំរាម ចំនួនបីរួចហើយ ហើយក្រោយពីក្រុមហ៊ុនទាំងបី បានអនុវត្តការងាររបស់ខ្លួន ហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការក្តៅ ហើយចំពោះអ្នកដែល មិនបានបង់ថ្លៃសំរាម និង អ្នកទុកដាក់សំរាម អាណាធិបតេយ្យ ក៏ត្រូវចាត់វិធានការផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើង របស់សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ ជុំវិញជំងឺកូវីដ–១៩ ដែលបាននិងកំពុងរាតត្បាត ពេញពិភពលោក ហើយព្រះរាជាណាចក្រកម្ពុជា ក៏ជាប្រទេសមួយ បានប្រឈមនឹងបញ្ហានេះដែរនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ជុំវិញជំងឺកូវីដ–៩នេះ អាជ្ញាធររាជធានីភ្នំពេញ បានមានវិធានការគ្រប់ជ្រុងជ្រោយ ដោយបានធ្វើការណែនាំ ដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១៤ ដើម្បីបង្ការ និងទប់ស្កាត់ នូវការឆ្លងពីជម្ងឺកូវីដ–១៩នេះ ទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដោយបានដាក់ទីតាំងចត្តាទ្បីស័ក នៅតាមសាលារៀន មួយចំនួនផងដែរ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សា រាជធានីភ្នំពេញ ខាងលើនេះធ្វើឡើង ដើម្បីជំរុញដល់រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតការងារ ឲ្យកាន់តែប្រសើរឡើង ទាំងការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា និងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋជាដើម៕ដោយ ដារាត់

To Top