មណ្ឌលគិរី ៖ ដោយទទួលបានការសម្របសម្រួល ការងារពីរដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានបន្តចុះផ្សព្វផ្សាយគោលការណ៍ ឥណទាន និងនីតិវិធីទទួលបានឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។
ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានជម្រាបជូន ដល់បងប្អូន ដែលមានវត្តមាននៅក្នុងអង្គពិធីថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីពីគ្រប់ បណ្តាខេត្ត ចំនួន ២៨៨ ពាក្យ ក្នុងទំហំទឹកប្រាក់ដែលត្រូវស្នើសុំសរុបចំនួន ៣១ លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក។ អាស្រ័យហេតុនេះ លោកបានលើកទឹកចិត្ត និងស្នើសុំបងប្អូន រួសរាន់រៀបចំ ឯកសារស្នើសុំខ្ចីឥណទានក្នុងកម្មវិធីនេះ ទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងករណីបងប្អូនមានត្រូវការពង្រីកអាជីវកម្មរបស់ខ្លួន។
លោក កៅ ថាច បានបន្តធ្វើការពន្យល់ដល់បងប្អូនអំពីការដាក់ទ្រព្យធានាបំណុល ,អំពីអត្រាការប្រាក់ និងអំពីគោលការណ៍ឥណទានដើម្បីទទួលបានឥណទានពីក្នុងគម្រោងពិសេសនេះ។ ជាមួយគ្នានេះ លោកក៏បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗ មួយចំនួនអំពីផលិតកម្មដំណាំ ការចិញ្ចឹមសត្វ ការធ្វើវ៉ារីវប្បកម្ម ដែលឯកឧត្តមផ្ទាល់ធ្លាប់បានទៅ ធ្វើទស្សនៈកិច្ចសិក្សានៅក្រៅបទេស ដើម្បីផ្តល់ជូនជាចំណេះដឹង បន្ថែមដល់បងប្អូនផងដែរ។ ជាថ្មីម្តងទៀតលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូន កសិករចញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចិញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
បន្ទាប់ពីការធ្វើបទបង្ហាញ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឆ្លើយតប និងពន្យល់នូវចម្ងល់ផ្សេងៗរបស់បងប្អូនកសិករ ដោយផុសផុល និងភាពស្និតស្នាល។
សូមបញ្ជាក់ថាក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត អភិបាលស្រុក និងមន្ទីជំនាញជុំវិញខេត្ត ផងដែរ៕