ព័ត៌មានជាតិ

សប្ដាហ៍ទី១ នៃខែមិថុនា មានភ្ញៀវទេសចរក្នុងស្រុក ជាង ១៥ ម៉ឺននាក់ ចេញទស្សនា តាមរមនីយដ្ឋាននានា ទូទាំងប្រទេស

ភ្នំពេញ៖លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា ក្នុងសប្ដាហ៍ទី១ នៃខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥៧,៩៤២ នាក់ បានចេញដើរទស្សនា នៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ ទេសចរណ៍-អេកូទេសចរណ៍ នៅទូទាំងប្រទេស កើនឡើង ២៤.២០% បើធៀបនឹងសប្តាហ៍មុន។

តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរ ក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧% ចំណែកភ្ញៀវបរទេសក្នុងប្រទេសវិញ មានចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣%។

លោករដ្ឋមន្រ្តីបន្ថែមថា ជាការកត់សម្គាល់ ក្នុងសប្តាហ៍កន្លងមកនេះ ភ្ញៀវទេសចរផ្ទៃក្នុង បានហក់ឡើង ខ្ពស់ជាងសប្តាហ៍មុនៗ ពិសេសខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅទេសចរណ៍ យ៉ាងសំខាន់ ដែលបានទាក់ទាញ ភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជាង ៥០% នៃទេសចរផ្ទៃក្នុងសរុប)។

លោកបន្ថែមទៀតថា រីឯខេត្តបាត់ដំបងឃើញថា មានការកើនឡើងជាង ១៣% នៃភ្ញៀវទេសចរផ្ទៃក្នុងសរុប។ ខេត្តសៀមរាប បានបង្ហាញសញ្ញា នៃការងើបឡើងខ្លះ បើទោះបីជាចំនួនភ្ញៀវទេសចរ នៅមិនទាន់ មានចំនួនច្រើនវិញនៅឡើយ ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន បានបើកដំណើរការអាជីវកម្មឡើងវិញ។

លើសពីនេះទៀត លោកកត់សម្គាល់ថា ភ្ញៀវទេសចរជាតិយ៉ាងច្រើនគួរសម បានទៅកម្សាន្តនៅតំបន់អង្គរ ពិសេសជាលក្ខណៈក្រុមគ្រួសារ និងការជិះកង់កម្សាន្តជាក្រុមៗ៕ដោយ៖ធី លីថូ

To Top