ព័ត៌មានជាតិ

ក្រសួងសាធារណការ ណែនាំឲ្យក្រុមហ៊ុន ដឹកដំណើរ តាមផ្លូវគោក ត្រូវចុះបញ្ជី ធ្វើអាជីវកម្ម

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជួន បានធ្វើការណែនាំដល់ ក្រុមហ៊ុនធ្វើអាជីវកម្ម ដឹកអ្នកដំណើរ តាមផ្លូវគោកនៅកម្ពុជា ពុំទាន់បានចុះបញ្ជី ធ្វើអាជីវកម្មដឹកជញ្ជូន អ្នកដំណើរ តាមផ្លូវគោក ក្នុងប្រទេស ត្រូវមកស្នើសុំចុះបញ្ជី ធ្វើអាជីវកម្មស្រប តាមច្បាប់ជាធរមាន។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសង្កេតឃើញថា មានក្រុមហ៊ុនធ្វើ អាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោក ក្នុងប្រទេស និងក្រុមហ៊ុនមួយចំនួនទៀត ដែលបានចុះបញ្ជីរួចហើយ ខកខានមិនបានមកបន្តសុពលភាព លិខិតអនុញ្ញាតឲ្យធ្វើ អាជីវកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវគោកក្នុងប្រទេស នៅក្រសួងសាធារណការ។

អាស្រ័យហេតុនេះ ដើម្បីគ្រប់គ្រងការធ្វើ អាជីវកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវគោក ក្នុងប្រទេសឲ្យមានប្រសិទ្ធភាព សុវត្ថិភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមធ្វើការណែនាំ ដូចខាងក្រោម ៖

ទី១-ក្រុមហ៊ុនដែលពុំទាន់បានចុះបញ្ជី ធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោក ក្នុងប្រទេស ត្រូវមកស្នើសុំចុះបញ្ជីធ្វើអាជីវកម្មស្របតាមច្បាប់ជាធរមាន។

ទី២-ក្រុមហ៊ុនដែលផុតសុពលភាពលិខិត អនុញ្ញាតឲ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាម ផ្លូវគោក ក្នុងប្រទេស ត្រូវមកស្នើសុំបន្តលិខិតអនុញ្ញាតធ្វើអាជីវកម្មតាមកាលកំណត់។

និង៣-លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកក្នុងប្រទេស ដែល ផុតសុពលភាព ត្រូវមកស្នើសុំបន្តលិខិតអនុញ្ញាតធ្វើអាជីវកម្មតាមកាលកំណត់ ។

ករណីក្រុមហ៊ុនធ្វើអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោក ដែលមិនមានវិញ្ញាបនបត្រ ចុះបញ្ជី នៅក្រសួងសាធារណការ នឹងទទួលសុខត្រូវទាំងស្រុង ចំពោះមុខច្បាប់រាល់ករណី ដែលអាចកើតមាន ។ ចំពោះក្រុមហ៊ុន ឬយានយន្ត ដែលផុតសុពលភាពលិខិតអនុញ្ញាតឲ្យ ធ្វើអាជីវកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវគោក ត្រូវរងការពិន័យ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ ៕

To Top