ព័ត៌មានជាតិ

ត្រឹមថ្ងៃទី១១ មិថុនា ធនាគារអភិវឌ្ឍន៍ជនបទ ទទួលពាក្យសុំខ្ចីគ្រប់បណ្តាខេត្ត ២៨៨ពាក្យ ក្នុងទំហំទឹកប្រាក់ស្នើសុំ ៣១លានដុល្លារ

ភ្នំពេញ ៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលពាក្យសុំខ្ចីគ្រប់ បណ្តាខេត្ត ចំនួន២៨៨ពាក្យ ក្នុងទំហំទឹកប្រាក់ដែលត្រូវស្នើសុំ ចំនួន៣១លានដុល្លារ ។ យោងតាមគេហទំព័រហ្វេសប៊ុក ធនាគារអភិវឌ្ឍន៍ជនបទ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី លទ្ធភាពឥណទាន ដល់កសិកម្ម ចិញ្ចឹម ត្រី មាន់ ទា និងដាំបន្លែ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក កៅ ថាច បានថ្លែងថា «គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីពីគ្រប់បណ្តាខេត្ត ចំនួន២៨៨ពាក្យ ក្នុងទំហំទឹកប្រាក់ដែលត្រូវស្នើសុំ សរុបចំនួន៣១លានដុល្លារ ពីគម្រោង ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារ»។

លោកលើកទឹកចិត្ត និងស្នើសុំពលរដ្ឋរួសរាន់រៀបចំឯកសារស្នើសុំខ្ចីឥណទាន ក្នុងកម្មវិធីនេះ ទៅធនាគារអភិវឌ្ឍន៍ជនបទ ក្នុងករណីពលរដ្ឋមានត្រូវការពង្រីក អាជីវកម្មរបស់ខ្លួន។

លោក កៅ ថាច បានធ្វើការស្នើសុំប្រជាកសិករ ចញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ ឲ្យរៀប ចំផែនការដាំដុះ ផែនការចិញ្ចឹមឲ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ ទីផ្សារឲ្យបានតាម តម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយ ការនាំចូលពីប្រទេសជិតខាង។

សូមរំលឹកថា គម្រោងហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ចំនួន៥០លានដុល្លារ ផ្ដល់ ជូន ប្រជាកសិករ សហគមន៍ចញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុម សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និង វិស័យកសិកម្ម ដើម្បីឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឲ្យប្រសើរឡើង នូវខ្សែសង្វាក់ ផលិតកម្មរបស់ខ្លួន៕

ដោយ ៖ អេង ប៊ូឆេង

To Top