ព័ត៌មានជាតិ

នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង ដាស់តឿនពលរដ្ឋ ឲ្យប្រយ័ត្នពិសារ ដោយត្រូវមានប្រភពច្បាស់លាស់

ភ្នំពេញ ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បាន ដាស់តឿន ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន ក្នុងការជាវស្រាមកពិសារ ត្រូវមានប្រភពច្បាស់លាស់ និងមានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តី ជំនាញ និងពិសារក្នុងកំរិតតិចបំផុត។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដាស់តឿនពលរដ្ឋបែបនេះ ក្រោយពីពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ពុលស្រា ចំនួន៤៣នាក់ ស្លាប់ចំនួន៧នាក់ ដែលស្រានេះ មិនមានប្រភពច្បាស់លាស់។

យោងតាមគេហទំព័ហ្វេសប៊ុក របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី១៣ មិថុនា នេះថា «សូមដាស់តឿនជាថ្មី ដល់បងប្អូនមេត្តាប្រុងប្រយ័ត្ន ក្នុងការជាវស្រាមកពិសារ ត្រូវជាវស្រាស មានប្រភព ច្បាស់លាស់ មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញ និងពិសារក្នុងកំរិតតិចបំផុត ជាពិសេស ក្នុងកំឡុងពេល កំពុងមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ព្រោះទទួល ទានស្រាបណ្តាល ឲ្យយើងធ្វេសប្រហែស និងងាយឆ្លងជំងឺ កូវីដ-១៩»។

នាយកដ្ឋានពន្យល់ថា ស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមការពុលចំណីអាហារជាច្រើន ដែល ពលរដ្ឋកំពុងតែ ប្រឈមនឹងការឈឺ និងស្លាប់ តែទោះជាយ៉ាងណា ក្រសួងសុខាភិបាល នៅតែប្រឹងប្រែងសហការ ជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំពលរដ្ឋឲ្យយល់ដឹងពីហានិភ័យ ដែលបណ្តាលមកពីការទទួលទានស្រា។

ជាងនេះទៅទៀត នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានធ្វើការអំពាវនាវ ទៅដល់ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ មូលដ្ឋានពង្រឹងការត្រួតពិនិត្យសិប្បកម្ម និងទីតាំងផលិតស្រា ជាពិសេស លុបបំបាត់ទីតាំងផលិតស្រា មិនមានច្បាប់អនុញ្ញាត ពីស្ថាប័នជំនាញ៕

ដោយ ៖ អេង ប៊ូឆេង

To Top