ភ្នំពេញ៖ លោក វេងសាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដំណឹងដ៏ ភ្ញាក់ផ្អើលគឺថា កម្ពុជាបាននិងកំពុងរៀបចំ វេចខ្ចប់ស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកក្រៃដើម្បីនាំចេញ ទៅកាន់សាធារណរដ្ឋកូរ៉េ ។
ក្នុងហ្វេសប៊ុក លោករដ្ឋមន្រ្តីកសិកម្ម នៅព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ការប្រកាស នាំចេញធ្វើឡើងតាមរយៈនៃការជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន HYUNDAI នៅកម្ពុជា នាពេលចុងសប្តាហ៍កន្លងទៅ។
លោកបានឲ្យដឹងថា “កម្ពុជាបាននិងកំពុងរៀបចំ វេចខ្ចប់ផលិតផលកសិកម្ម ៣មុខ គឺស្លឹកចេក, ត្រយូងចេក និងគល់ស្លឹកក្រៃ នាំចេញទៅកាន់ សាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យ ដោយទទួលបាន ការគាំទ្រពីអ្នកបញ្ជាទិញ”។
លោកថា បើទោះបីបរិមាណ នៃការនាំចេញផលិតផលទាំង៣មុខនេះ ស្ថិតនៅក្នុងកម្រិតតិចតូច យ៉ាងណាក្តី ក៏កម្ពុជាមានក្តីមោទកភាព ចំពោះជាតិនូវអ្វី ដែលជាលទ្ធផលទទួលបាន ។
ក្នុងនាមក្រសួងកសិកម្ម លោកចូលរួមអបអរសាទរជាខ្លាំង៕