ព័ត៌មានជាតិ

គ្រឿងក្នុងជ្រូក ផ្ទុកជាតិគីមី ជិតកន្លះតោន ត្រូវសមត្ថកិច្ចស្ទាក់ចាប់ ដុតចោល

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង ឆ្មកចាប់ឃាត់បានរថយន្ត ១គ្រឿង ដឹកគ្រឿង ក្នុងជ្រូកនាំចូលពីថៃ សង្ស័យមានជាតិគីមី អាចនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ រថយន្តល្មើសត្រូវបានឃាត់ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងកើតស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ឧត្តមសេនីយ៍ត្រី ចាប សុផាឬទ្ធិ ស្នងការរង ផែនការងារនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាងំ ការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រថយន្តមួយគ្រឿងម៉ាក TOYOTA SIENNA ពណ៌ផ្ទៃមេឃ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7392 ពាក់ព័ន្ធករណី ដឹកជញ្ជូនគ្រឿងក្នុងជ្រូកចម្រុះ ចំនួន ៥៤០គីឡូក្រាម អាចធ្វើឱ្យប៉ះពាល់ ដល់សុខភាព អ្នកបរិភោគ ។

បច្ចុប្បន្នគ្រឿងក្នុងជ្រូកចម្រុះ ទាំងនោះត្រូវបានកម្លាំងជំនាញ នៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្ត ធ្វើការដុតកម្ទេចចោល ៕
ដោយ ៖ ប៊ុន សំណាង

To Top