ស្វាយរៀង ៖ កំលាំងសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ចុះបង្ក្រាបករណីលេងល្បែង ស៊ីសងជល់មាន់ និងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី៩នាក់ ព្រមទាំងមាន់ជល់១៧ក្បាល និងប្រាក់ដុល្លារក្លែងក្លាយ មួយចំនួន ។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ១២និង២០នាទី ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២០ ស្ថិតនៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
មន្ត្រីកងរាជអាវុធហត្ថស្រុក បានឲ្យដឹងថា ជនសង្ស័យមាន ទី១ ឈ្មោះយិន សាត ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិអង្គកប្បាស ឃុំស្រុកស្វាយជ្រំ ទី២ ឈ្មោះ ស៊ិន ឡានី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ទី៣ ឈ្មោះ សុខ សាវី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ទី៤ ឈ្មោះចាន់ ហាត់ ភេទស្រី អាយុ៥១ឆ្នាំ រស់ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ទី៥ ឈ្មោះព្រំ ចិន្តា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទី៦ ឈ្មោះឈួន ចឹក ភេទ ប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិតាប៉ក ឃុំត្រពាំងស្រែ ស្រុកកំពង់ត្របែក ខេត្តព្រែវែង ទី៧ ឈ្មោះសោម យ៉ាក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ទី៨ ឈ្មោះវ៉ា គុណ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយជ្រំ និងទី៩ ឈ្មោះទង វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ប្រភពបន្តថា ចំពោះវត្ថុតាងដកហូតបាន រួមមានម៉ូតូចំនួន០៤គ្រឿង រថយន្ត០១គ្រឿង និងមាន់ចំនួន១៧ក្បាល បា្រក់ដុល្លារក្លែងក្លាយ ចំនួន៥៦០០ដុល្លារ បា្រក់ដុល្លារសរុបចំនួន២៩០
បា្រក់រៀលចំនួន ៦៤៨៥០០០រៀល និងជញ្ជីងចំនួន០១ផងដែរ។
ប្រភពបន្ថែមទៀតថា ក្រោមការសម្របសម្រួល ដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្ត ក្រោមបញ្ជាផ្ទាល់ ពីលោក សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ស្វាយរៀង និងដឹកនាំផ្ទាល់លោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត មេបញ្ជាការអាវុធហត្ថស្រុកស្វាយជ្រំ និងមេបញ្ជាការ អាវុធហត្ថក្រុងស្វាយរៀង បានចុះបង្គ្រាបក្នុងករណីលេងល្បែងស៊ីសង ជល់មាន់ នៅភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និង ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៩នាក់ ព្រមទាំងវត្ថុតាងមួយចំនួន បញ្ជូនមកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថស្រុកស្វាយជ្រំផងដែរ ៕