ព័ត៌មានជាតិ

សម្ដេចតេជោ បន្ដអំពាវនាវ កុំឲ្យពលរដ្ឋទៅទីប្រជុំជន ដែលមានមនុស្សច្រើន បើគ្មានការចាំបាច់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ ឲ្យប្រជាពលរដ្ឋបន្តប្រើប្រាស់ ម៉ាស ឧស្សាហ៍សម្អាតដៃ ហើយកុំទៅទីប្រជុំជនដែលមាន មនុស្សច្រើន បើគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។

យោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ បានសរសេរថា «សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បន្តចូលរួមទប់ស្កាត់ ការ ឆ្លងរាលដាល ជំងឺឆ្លងរលាកផ្លូវដង្ហើម កូវីដ-១៩ ព្រោះជំងឺនេះ គឺនៅតែជាជំងឺឆ្លងរាតត្បាត ដ៏កាចសហាវបំផុត ដែលគ្មានថ្នាំព្យាបាលនៅឡើយទេ មកទល់ថ្ងៃនេះ»។

សម្ដេចតេជោ រំលឹកថា នាពេលថ្មីៗ កម្ពុជាមានអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន ២នាក់ថ្មីទៀត ដែលបានធ្វើដំណើរ មកពីប្រទេសឥណ្ឌូនេស៊ី ហើយពេលនេះកំពុងព្យាបាល នឹងរស់នៅ ដាច់ដោយឡែក ក្នុងមណ្ឌលព្យាបាល កូវីដ-១៩។សម្ដេចថា ដូច្នេះប្រជាពលរដ្ឋកុំធ្វេស ប្រហែស មើលស្រាលលើជំងឺ កូវីដ-១៩ ឲ្យសោះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ម៉ាស ឧស្សាហ៍ ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល ហើយកុំទៅទីប្រជុំជន ដែលមានមនុស្សច្រើន បើគ្មានការចាំបាច់អ្វីទេនោះ។ ទីកន្លែងសំខាន់ៗមួយចំនួនដូចជា ការិយាល័យ ធ្វើការ ហាងកាហ្វេ ភោគជនីយដ្ឋាន ផ្សារទំនើប ជាពិសេសក្លីនិកព្យាបាល និងមន្ទីពេទ្យនានា ត្រូវមានទឹកអាល់កុល ចឹល នឹងម៉ាសសម្រាប់ពាក់ការពារទប់ ស្កាត់ការឆ្លងជំងឺកូវីដ១៩ពីម្នាក់ទៅម្នាក់»។

សម្ដេចតេជោ បញ្ជាក់ថា ប្រសិនបើមានការសង្ស័យ ពីអាការៈរោគឆ្លង កូវីដ-១៩ សូមខល ទៅលេខ ១១៥ ហើយសហការ និងស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល.
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា តាមការបញ្ជាក់ របស់អង្គការសុខភាពពិភពលោក ថា នៅលើពិភពលោកនាពេលនេះ ចំនួនអ្នកឆ្លងរោគ កូវីដ-១៩ គឺបានកើនឡើងចំនួន ៧,៤១០,៥១០ នាក់ ហើយចំនួនអ្នកស្លាប់ គឺបានកើនដល់ ៤១៨.២៩៤នាក់។ ខណៈ អាមេរិក គឺចំនួនអ្នកឆ្លងរោគ កូវីដ-១៩ និងស្លាប់ច្រើនជាងគេ។

នាយករដ្ឋមន្ដ្រី បន្ដថា ទីក្រុងប៉េកាំង ប្រទេសចិន ចំនួនអ្នកឆ្លង កូវីដ-១៩ ថ្មី ក្នុងប៉ុន្មានថ្ងៃ កន្លងមកនេះ គឺមាន ៥៩នាក់ ដែលកម្ពុជាសូមចូលរួម ក្នុងក្តីព្រួយបារម្ភនេះ ព្រោះសុខទុក្ខ របស់ប្រទេសចិន ក៏ជាសុខទុក្ខរបស់កម្ពុជាផងដែរ៕

To Top