ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម បានឲ្យដឹងថា កម្ពុជាមានឆន្ទៈក្នុងការ ប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា ទោះបី បទល្មើស ប្រព្រឹត្តតាម ទម្រង់ណាក៏ដោយ។
ក្នុងប្រជុំពិគ្រោះយោបល់តាម Online ជាមួយ តំណាងស្ថានទូតសហរដ្ឋអាមេរិក និងតំណាង ក្រុមហ៊ុនបច្ចេកវិទ្យា សហរដ្ឋអាមេរិក លើសេចក្តីព្រាងច្បាប់ ស្តីពី បទល្មើសបច្ចេវិទ្យាព័ត៌មាន នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅស្ដីទីការ ក្រសួងមហាផ្ទៃ លោក ប៊ុន ហុន មានប្រសាសន៍ថា «កម្ពុជាមានឆន្ទៈ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ទោះបី ជាបទល្មើសនេះ ប្រព្រឹត្តតាម ទម្រង់ណាក៏ដោយ ហេតុដូចនេះហើយ ទើបកម្ពុជាព្យាយាម ធ្វើការរៀបចំច្បាប់នេះឡើង»។
លោកបន្ដថា ពាក់ព័ន្ធទៅនឹងបទល្មើសបច្ចេកវិទ្យានេះ កម្ពុជា នៅមានកម្រិតនៅឡើយ ដូច្នេះ ហើយនៅក្នុងការរៀបចំ សេចក្តីព្រាងច្បាប់នេះ លោក ចង់បាននូវមតិយោបល់ពីអ្នកជំនាញ អន្តរជាតិ ដើម្បីធ្វើឲ្យសេចក្តីព្រាងច្បាប់នេះមានសុក្រឹតភាព និងបទដ្ឋានអន្តរជាតិ ព្រមទាំង ស្របតាមការអភិវឌ្ឍនៃប្រទេសកម្ពុជា។
លើសពីនេះទៀត រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានរំលឹកថា សេចក្តីព្រាងច្បាប់ ស្តីពី បទល្មើសបច្ចេវិទ្យាព័ត៌មាន ត្រូវបានរៀបចំធ្វើឡើង តាំងពីឆ្នាំ២០១៦ ហើយមានការចូលរួម ពីតំណាងក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក និងតែងតែពិភាក្សា ពិគ្រោះយោបល់ជាមួយ គ្នាជាបន្តបន្ទាប់។ សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងដំណាក់កាល ព្រាង ដោយមានការរៀបចំពី ក្រសួងមហាផ្ទៃ ដោយមិនទាន់ឆ្លង និងពិគ្រោះយោបល់ ពីរាជរដ្ឋាភិបាលនៅឡើយ។
ក្នុងឱកាសនោះផងដែរ អនុប្រធានបេសកកម្ម នៃស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Michael Nebill ដែលជាអ្នកសម្រួលជាមួយតំណាងភាគីអន្តរជាតិក្នុងកិច្ចប្រជុំ បានឲ្យដឹងថា ចំពោះសេចក្តីព្រាងច្បាប់ ស្តីពី បទល្មើសបច្ចេវិទ្យាព័ត៌មានវិទ្យា នេះពិតជាមានសារៈសំខាន់ ណាស់ ដោយច្បាប់នេះ គឺបង្កើតឡើងក្នុងន័យ ដើម្បីរក្សាតុល្យភាព ធ្វើយ៉ាងណារក្សាការពារ កុំឲ្យមានបទល្មើសបច្ចេកវិទ្យា ក៏ដូចជា ការពារសិទ្ធិរក្សាបាននូវបទដ្ឋានជាលក្ខណៈអន្តរជាតិ ដើម្បីធានាថាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិអាចអនុលោមបាន ហើយអាចវិនិយោគ នៅក្នុងប្រទេសកម្ពុជាបាន។
លោកថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃកម្ពុជា ដែលបានផ្តល់ឱកាសដល់ស្ថានទូត សហរដ្ឋអាមេរិក និងភាគីនៃក្រុមហ៊ុនធំៗចំនួន៤ ចូលរួក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ ហើយសហរដ្ឋអាមេរិក នឹងចាំត្រៀមផ្តល់នូវធនធានជំនួយបច្ចកទេស សម្រាប់ការរៀបចំនូវសេចក្តីព្រាងច្បាប់ពីបទល្មើសបច្ចេវិទ្យាព័ត៌មាននេះ ជាបន្តបន្ទាប់ទៀត៕
ដោយ ៖ អេង ប៊ូឆេង