កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និងលោក អ៊ុន ចាន់ដាអភិបាលខេត្ត កំពង់ចាម នៅរសៀលថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០ បានរៀបចំពិធីប្រគល់ ពានរង្វាន់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ជូនដល់ នាយកល្អ និងគ្រូឆ្នើមចំនួន ១៥នាក់ នៅសាលាគរុ កោសល្យ និង វិក្រិតការ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន បានមានប្រាសាសន៍ថា កន្លងមក មានតែលោកគ្រូ អ្នកគ្រូក្នុង ខេត្តកំពង់ចាម ដែលបានទទួលពានរង្វាន់ច្រើនជាងតាមបណ្ដាល ខេត្តផ្សេងៗទៀត រួមទាំងក្នុងពេលនេះ សម្រាប់ខេត្តកំពង់ចាម បានទទួលនូវពានរង្វាន់ សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ដោយក្នុងនោះមាននាយកល្អចំនួន ៥ នាក់ , គ្រូល្អចំនួន ៣ នាក់ , គ្រូឆ្នើមភាសាខ្មែរចំនួន ៤នាក់ , និងគ្រូឆ្នើមគណិតចំនួន ៣ នាក់ផងដែរ ។
លោកបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា នៅក្នុងខណៈពេលដែលពិភពលោករួមជាមួយកម្ពុជាយើងផងដែរ ដែលកើតមានជំងឺកូវីដ១៩ ក្រោមវិធានការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជាយើង មានអ្នកឆ្លងជំងឺកូវីដ១៩ នេះ ចំនួនតិចតួចជាង គេនៃប្រទេសក្នុងតំបន់ ។
ទន្ទឹមនឹងនេះដែរក្នុងកំឡុង ពេលប្រទេសជាតិកំពុងប្រើវិធានការ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ក្រសួងអប់រំយុវជន និងកីឡាសហការជាមួយ ក្រសួងព័ត៌មាន បានបង្កើត ឲ្យសិស្សបានសិក្សារៀនសូត្រតាម ប្រព័ន្ធអនឡាញ និងបង្កើត ទូរទស្សន៍តាមផ្កាយរណបមួយ ដើម្បីឱ្យសិស្សដែលនៅតំបន់ដាច់ ស្រយាលគ្មានប្រព័ន្ធអ៊ីនធឺណិតបានសិក្សាតាមទូរទស្សន៍នោះផងដែរ ។