ព័ត៌មានជាតិ

ជប៉ុនសាទរ រាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។

រហូតដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា សរុប១២៨នាក់ ហើយអ្នកសម្រាកព្យាបាលចំនួន៣នាក់ និងអ្នកជាសះស្បើយចំនួន១២៥នាក់ ខណៈ កម្ពុជាគ្មានអ្នកស្លាប់។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក MIKAMI Masahiro បានថ្លែងថា «អបអរសាទរ រាជរដ្ឋាភិបាលកម្ពុជាដែល បានគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព»។

លោកក៏បានបង្ហាញ ពីការបន្តគាំទ្ររបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការបន្តផ្តល់ជំនួយ ដូចជា ការបង្កើនការវិនិយោគរបស់ជប៉ុន ។ ក្នុងនោះរួមមាន ការវិនិយោគនៅក្នុងវិស័យធនាគារ តាមរយៈ វត្តមានរបស់ធនាគារជប៉ុន និងការរួមចំណែកជាភាគ ទុនិក នៅក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន ។

បន្ថែមពីនេះ ទូតជប៉ុន ក៏បានពាំនាំនូវការពេញចិត្តរបស់វិនិយោគិនជប៉ុន ចំពោះវិធានការរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាដែលបានអនុវត្តកន្លងមក សំដៅរក្សាជំនឿទុកចិត្តដល់វិនិយោគិន និងអនុគ្រោះដល់អាជីវកម្មដែលរងផលប៉ះពាល់។

ចំណែក លោក ជា ចាន់តូ បានជម្រាបជូនពីស្ថានភាព សេដ្ឋកិច្ចកម្ពុជាដែលទទួលរងផលប៉ះពាល់ពីការរីក រាលដាលការឆ្លងជំងឺកូវីដ-១៩ និងពីវិធានការដែល រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បាន ដាក់ចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យនានា និងប្រជាជនងាយរងគ្រោះ៕

ដោយ ៖ អេង ប៊ូឆេង

To Top