ព័ត៌មានជាតិ

អគ្គនាយកដ្ឋានភស្តុភារ នឹងចុះបិទឡូហ្គូ សញ្ញានគរបាលជាតិ លើយានយន្តអង្គភាព ក្រោមចំណុះក្រសួង មហាផ្ទៃ

ភ្នំពេញ៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នឹងចុះបិទឡូហ្គូសញ្ញានគរបាលជាតិ (រាជសីហ៍) លើយានយន្តអង្គភាព ក្រោមចំណុះក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ ។

យោងតាមលិខិត របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានឲ្យដឹងថា នាយកដ្ឋានផែនការ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ បានបោះពុម្ពឡូហ្គូ រូបសញ្ញានគរបាលជាតិ ( រាជសីហ៍) ឈ្មោះអង្គភាពប្រើប្រាស់ និង អក្សរឡាតាំង POLICE របស់យានយន្តអង្គភាព ក្រោមចំណុះក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ រួចរាល់ហើយ ។

អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បន្តថា ដូច្នេះថ្នាក់ដឹកនាំអង្គភាពក្រោម ចំណុះក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈទាំងអស់ ត្រូវចាត់មន្ត្រីសហការជាមួយមន្ត្រីជំនាញ របស់នាយកដ្ឋានផែនការ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ ដោយភ្ជាប់មកជាមួយ បណ្ណសម្គាល់យានយន្ត ឈ្មោះអ្នកប្រើប្រាស់ លេខទូរស័ព្ទទំនាក់ទំនង (បិទតាមកាលវិភាគ និងទីកន្លែង ដែលបានភ្ជាប់ជូន) ដើម្បីបំពេញឲ្យគ្រប់លក្ខណៈ នៃយានយន្តនគរបាលជាតិ និងបំពេញបែប បទស្នើសុំ លើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២០ ជាបន្ទុករបស់រដ្ឋទៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

លិខិតបន្ថែមថា “ហេតុនេះក្រោមចំណុះ ក្រសួងមហាផ្ទៃ ចាត់មន្ត្រីជំនាញសហការ បិទជាមួយមន្ត្រីជំនាញ របស់ការិយាល័យ គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកសន្តិសុខ សាធារណៈ តាមការគួរ” ៕ ដោយ៖ ខា ដា

To Top