ភ្នំពេញ ៖ មីជាតិ បានពាំនាំអំណោយ សប្បុរសធម៌ ចែកជូនសមាគមតន្ត្រីសំនៀងជនពិការ ដែលមានសមាជិក ភាគច្រើនជាជនពិការភ្នែក ចំនួន៦០នាក់ ដែលកំពុងស្នាក់នៅ ក្នុងសមាគម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដើម្បីដោះស្រាយជីវភាព និងការពារខ្លួន ពីវីរុសកូវីដ១៩ ។
អំណោយសប្បុរសធម៌ ដែលមីជាតិនាំមក រួមមាន មីជាតិ ទឹកពិសារវីតាល់ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកអាល់កល់ និងម៉ាស់ ។
លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា «ការនាំយកអំណោយ មកជូននៅថ្ងៃនេះ គឺជាទឹកចិត្តមួយចំនួន របស់ក្រុមហ៊ុន ដោយយើងខ្ញុំ បានអង្កេតឃើញ ការលំបាករបស់បងប្អូនជនពិការ អំឡុងពេលរីករាលដាល នៃវីរុសកូវីដ១៩ ។ យើងដឹងថា កន្លងមក បងប្អូនអាចរកចំណូល បានតាមរយៈការប្រគុំតន្ត្រី និងការម៉ាស្សាជាដើម តែអំឡុងពេល នៃការរីករាលដាល នៃវីរុសកូវីដ១៩នេះ វាបានប៉ះពាល់ដល់របបរទាំងនេះជាខ្លាំង ហើយប៉ះពាល់ដល់ប្រភពចំណូល ប្រចាំថ្ងៃទៀតផង» ។
លោកជំទាវ ក៏បានបំពាវនាវឲ្យបងប្អូនជនពិការ ប្រកាន់ភ្ជាប់នូវការថែរក្សាអនាម័យ ដោយរក្សាគម្លាត លាងដៃឲ្យបានញឹកញាប់ និងពាក់ម៉ាសឲ្យបានត្រឹមត្រូវផងដែរ ដើម្បីការពារខ្លូន ពីការឆ្លងវីរុស កូវីដ១៩ ។
លោក ចាប តូ ប្រធានសមាគមតន្រ្តីសំនៀងជនពិការបានឲ្យដឹងថា «ជំនួយពីក្រុមហ៊ុនមីជាតិនេះ ពិតជាមកចំពេល ដែលសមាគមកំពុងត្រូវការ ខណៈបងប្អូនជនពិការ ដែលជាសមាជិកជាច្រើនកំពុងជួបការលំបាក» ។
គូរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមីជាតិ ជាក្រុមហ៊ុនខ្មែរ ដែលតែងចូលរួមក្នុងសកម្មភាព សង្គមនានាជាច្រើន ដូចជាបានផ្តល់អំណោយសប្បុរសធម៌ ដល់ប្រជាជនក្រីក្រ និងកុមារកំព្រាក្នុងរាជធានីភ្នំពេញ និងខេត្ត បរិច្ចាគទៅឲ្យកម្មវិធីសប្បុរធម៌នានា និងចូលរួមក្នុងការជំរុញ ឲ្យមានការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជាដើម ។
មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ។ មីជាតិ មានបីរសជាតិ គឺរសជាតិសាច់ជ្រូកចិញ្រ្ចាំ រសជាតិស៊ុបមាន់ និងរសជាតិខគោ ដែលត្រូវបានផលិត ដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ទំនើបចុងក្រោយបង្អស់ ៕









