ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បាននាំយកថវិកាវិភាគទានសប្បុរសធម៌ ៨០០ ៤៨០ ០០០ រៀល ដែលបានមកពីការ លក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា៥” ជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីខែមីនា ឆ្នាំ២០២០។
នេះជាលើកទី២ហើយ ដែលក្រសួងបានប្រគល់ ថវិកាវិភាគទានសប្បុរសធម៌ ជូនមន្ទីរពេទ្យគន្ធបុប្ផា ។
ពិធីនេះបានប្រព្រឹត្តទៅ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។
ឆ្លៀតឱកាសនោះ លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា ការលក់លេខពិសេសផ្ទាល់ខ្លួន ដែលត្រូវបានដាក់ឲ្យអនុវត្តកន្លងទៅនេះ ជាប្រភពចំណូលថ្មីមួយទៀត ដោយក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការ បង្កើតឲ្យមានការលក់ និងដេញថ្លៃលេខ ពិសេស ផ្ទាល់ខ្លួន សម្រាប់រថយន្ត ដើម្បីជាគុណប្រយោជន៍ ដល់ថវិកាជាតិ។
ចំណែក លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំណរគុណដល់ សមាជិក សមាជិកា អន្តរក្រសួង ដែលបានខិតខំប្រឹងប្រែង បំពេញកិច្ចការរបស់ខ្លួន នាពេលកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ និងបានស្នើឲ្យបន្ត កិច្ចសហការល្អបន្តទៀត ដើម្បីឲ្យសេវានេះកាន់តែល្អ ប្រសើរឡើងថែមទៀត និងអាចរកចំណូល ជូនរដ្ឋបានកាន់តែច្រើន។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ បានបើកឲ្យដំណើរការជាផ្លូវការ នៃការលក់លេខ ចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្តមានលក្ខណៈ ពិសេស អាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើស សម្បូណ៌បែប ជូនប្រជាពលរដ្ឋ។
ស្លាកលេខប្រភេទនេះ បង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាត ឲ្យម្ចាស់រថយន្តរក្សាលេខនោះ ទុកសម្រាប់ចុះបញ្ជីលើរថយន្ត ថ្មីរបស់ខ្លួនក្រោយៗទៀត។ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងលក់លេខពិសេស មានអាសយដ្ឋាន https://vehicle.mpwt.gov.kh៕
ដោយ ៖ អេង ប៊ូឆេង