ព័ត៌មានជាតិ

លោក សុខ ឥសាន ចោទជាសំណួរថា វៀតណាមបោះតង់ នៅតំបន់មិនទាន់ឯកភាពគ្នា ហេតុអ្វីចោទគេថា រំលោភបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានលើកឡើងថា ភាគីវៀតណាមបានបោះតង់ នៅតំបន់មិនទាន់ឯកភាពគ្នា តាមបន្ទាត់ព្រំដែន ហេតុអ្វីបានជាចោទវៀតណាម ថារំលោភបូរណភាពទឹកដីកម្ពុជា។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ ភាគីវៀតណាម បានបោះតង់ជាច្រើនកន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលជាតំបន់មិនទាន់ឯកភាពគ្នា លើខ្សែបន្ទាត់ព្រំដែននៅឡើយទេ ។ ហើយការបោះតង់ របស់ភាគីវៀតណាមនេះ គឺធ្វើឡើងក្រោមហេតុផល ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

តាមបណ្ដាញ ទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោកសុខ ឥសានបានចោទជាសំណួរថា “វៀតណាមបោះតង់នៅតំបន់ស មិនទាន់មានការកំណត់ជាក់លាក់ ហេតុម៉េចចោទគេ​ ថារំលោភបូរណភាពទឹកដី “?

លោកបន្តថា ចំពោះករណីនេះ វិធីដោះស្រាយមានតែការចរចា ឲ្យភាគីវៀតណាម ដកថយការបោះតង់ កុំឲ្យកៀកខ្សែព្រំដែនពេកប៉ុណ្ណោះ ។

ទាក់ទងជាមួយបញ្ហានេះ កាលពេលថ្មីៗនេះ លោកផៃ សីុផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ភាគីវៀតណាមបានទទួលស្គាល់ថា ខ្លួនពិតជាបានបោះតង់ រំលោភលើព្រំដែនកម្ពុជា នៅខេត្តកណ្ដាល ពិតប្រាកដណាស់។

ជាមួយគ្នានោះលោកបន្ថែមថា ភាគីទាំងពីរ កម្ពុជា-វៀតណាម បាននិងកំពុង ធ្វើការសម្របសម្រួលគ្នាផងដែរ៕ ដោយ៖ ធី លីថូ

To Top