ព័ត៌មានជាតិ

នាយ ឧត្ដមសេនីយ៍ នេត សាវឿន ណែនាំឲ្យនគរបាល បង្កើនសមត្ថភាព ទប់ស្កាត់អង្គការចាត់តាំង ដែលមានចេតនាចង់ ធ្វើបដិវត្តន៍ពណ៌ នៅកម្ពុជា

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំ ទៅដល់កងកម្លាំង នគរបាលជាតិទាំងអស់ ត្រូវបង្កើនសមត្ថភាព ការពារសន្តិភាព ឯករាជ្យអធិបតេយ្យភាព បូរណភាពជាតិទឹកដី និងទប់ស្កាត់ ឲ្យបានដាច់ខាត ចំពោះចលនា និងអង្គការចាត់តាំងណាមួយ ដែលមានចេតនា ចង់បដិវត្តន៍ពណ៌ នៅកម្ពុជានោះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ច ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆមាសទី១ និងដាក់ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០ នៅថ្ងៃទី ១៧ មិថុនានេះ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នង ការរងនគរបាលជាតិ បានឲ្យដឹងថា «នៅក្នុងកិច្ចប្រជុំខាងលើនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រាប់ដល់ គ្រប់ស្នងការនគរបាល រាជធានី-ខេត្ត និងកងកម្លាំងនគរបាល ទាំង អស់ ត្រូវបង្កើនការប្រមូលផ្ដុំក្ដាប់ សភាពការណ៍ប្រែប្រួល នូវសកម្មភាពភេរវកម្មអន្តរជាតិ និងអង្គការចាត់តាំងភេរវកម្មទាំងក្រៅ និងក្នុងតំបន់ នូវប្រភពព័ត៌មាន ដែលពាក់ព័ន្ធដល់ សន្តិសុខជាតិ និងចាត់វិធានការបង្ការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត»។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានអំពាវនាវដល់គ្រប់ស្នងការ ទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ ប្រមូលផ្ដុំព័ត៌មានពាក់ព័ន្ធ ដល់ស្ថានការណ៍ សន្តិសុខ ក្នុងនិងក្រៅប្រទេស ដើម្បីវិភាគវាយតម្លៃ និងម្ចាស់ការ ដាក់ចេញព្រឹត្តិការណ៍គន្លឹះ សំដៅទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នូវអំពើភេរវកម្ម ,ការសម្អាតប្រាក់, និងហិរញ្ញប្ប ទានភេវរកម្ម និងការប៉ុនប៉ងប្រើប្រាស់ទឹកដីព្រះរាជាណាចក្រកម្ពុជា ធ្វើជាមូលដ្ឋានបង្ក អសន្តិសុខ ដល់ប្រទេសជិតខាងជាដើម។

អគ្គស្នងការនគរបាលជាតិ ក៏បានស្នើទៅដល់ នគរបាលព្រំដែនទាំងអស់ បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ប្រកៀកស្មាគ្នាជាមួយកងយុទ្ធពលខេមរភូមិន្ទ ដើម្បី ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយបង្កើនការស្ដាប់សភាពការណ៍ ប្រែប្រួលនៅតាមខ្សែបន្ទាត់ព្រំដែន និងចាត់តាំងការដើរល្បាត តាមតំបន់ព្រំដែនគោកជាប្រចាំ ព្រមទាំងជំរុញនិងពង្រឹង កិច្ចសហប្រតិបត្តិការល្អ ជាមួយកម្លាំងការពារព្រំដែន នៃប្រទេសជិតខាង សំដៅកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ព្រមជាមួយគ្នានេះ ក៏ត្រូវស្រាវជ្រាវរកឃើញ មុខសញ្ញាប្រព្រឹត្តបទឧក្រិដ្ឋឆ្លង ដែនពួកភេរជន និងចលនាអមិត្តផ្សេងៗ ដែលលាក់ខ្លួនពួនសម្ងំធ្វើសកម្មភាព តាមតំបន់ព្រំដែនគោក-ទឹក បង្កឲ្យមានអសន្តិសុខ អំពើវិទ្ធង្សនាបំផ្លាញសន្តិសុខ សណ្ដាប់ធ្នាប់ សង្គមជាតិនិងទប់ស្កាត់ការ ប៉ុនប៉ងញុះញង់នានា បង្កអសន្តិសុខតាមព្រំដែន ដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕

To Top