ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការ អន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩:០០ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សាធារណរដ្ឋប្រជាមានិតចិន ហើយនឹងដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានរដ្ឋមន្រ្តីការបរទេស នៃដៃគូក្របខ័ណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ចំនួនប្រមាណ ២០ប្រទេស អគ្គនាយកអង្គការសុខភាពពិភពលោក និងតំណាងជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការគាំទ្រគ្នាទៅវិញទៅមក និងបង្កើនកិច្ច ប្រឹងប្រែងតាមរយៈយន្តការតំបន់ និងអន្តរជាតិ ក្នុងការគ្រប់គ្រង និងជំនះឲ្យបានលើការ រាតត្បាតដោយជម្ងឺកូវីដ-១៩ ជំរុញការតភ្ជាប់ និងស្រោចស្រង់សេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយពីជម្ងឺ
កូវីដ-១៩ ក៏ដូចជាធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងក្របខ័ណ្ឌគំនិត ផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៕