ព័ត៌មានជាតិ

អាមេរិក វាយតម្លៃខ្ពស់ ចំពោះការប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងទប់ស្កាត់ជំងឺ កូវីដ-១៩

ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បានវាយតម្លៃ ខ្ពស់ លើកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស ទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ-១៩។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិ នៃកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក W. Patrick Murphy បានថ្លែងថា «សូមវាយ តម្លៃខ្ពស់ លើកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស ការដាក់ចេញវិធានការ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ លោក ជា ចាន់តូ ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាមេរិក ដែល បានគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា។ ដោយឡែក នៅធនាគារជាតិនៃកម្ពុជា ជំនួយ បច្ចេកទេសពីរដ្ឋាភិបាលអាមេរិក បានរួមចំណែកក្នុងការពង្រឹងការត្រួតពិនិត្យ ការវិភាគ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រព័ន្ធរាយការណ៍ តាមអេឡិចត្រូនិករបស់ អង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា (FIU)។

ជាងនេះទៅទៀត ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានជម្រាបជូន អំពី ការពង្រឹង មូលដ្ឋានគតិយុត្តិ កាតព្វកិច្ចរបស់បុគ្គលរាយការណ៍ និងចំណេះដឹងរបស់វិស័យសាធារណៈ និងឯកជន លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML-CFT) ហើយនាពេលថ្មីៗនេះ ព្រឹទ្ធសភាកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលគ្រោងនឹងដាក់ឲ្យអនុវត្ត នាពេលឆាប់ៗនេះ៕

ដោយ ៖ អេង ប៊ូឆេង

To Top