ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះបានធ្វើដំណើរទៅកាន់ស្រុកបាទី និងស្រុកព្រៃកប្បាស របស់ខេត្តតាកែវ ដើម្បីពិនិត្យជាក់ស្តែង នូវសភាពការណ៍ទឹក ពាក់ពន្ធ័នឹងការងារបង្កបង្កើនផល រដូវវស្សា របស់បងប្អូនប្រជាកសិករ ព្រមទាំងត្រួតពិនិត្យ នូវវិវឌ្ឍន៌ភាពការដ្ឋាន ជីកប្រពន្ធ័ប្រឡាយហនុមាន មានទីតាំង ស្ថិតក្នុងស្រុកបាទី ដែលមានប្រវែងសរុប ៧៨០០ម៉ែត្រ និងសំណង់សិល្បការចំនួន ២០ កន្លែងក្នុងនោះធំមានចំនួន ១០ និងតូច ១០ កន្លែង (សរុបតាំងពីឆ្នាំ២០១៥ មក ប្រឡាយសរុបធ្វើបានប្រវែង ៣៨ គ.ម, សំណង់សិល្បការតូច និងមធ្យមចំនួន ៤០ កន្លែង សំណង់សិល្បការធំ និងស្ពានបេតុងឆ្លងប្រឡាយចំនួន៣៦កន្លែង) ។
ជាមួយគ្នាផងដែរ លោក រដ្ឋមន្ត្រី បានបន្តចុះពិនិត្យនៅឃុំចារ ស្រុកព្រៃកប្បាស ដែលប្រជាជន បាននឹងកំពុងអនុវត្តន៍ នូវការជីកប្រឡាយជើងក្អែប ដែលជាផែនការជំរុញបន្ត របស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់ នូវពលកម្មជាថវិកា (Cash for work)ផងដែរ ៕